គេសួរខ្ញុំថា រវាងមនុស្សដែលអ្នកស្រលាញ់ និងមនុស្សដែលស្រលាញ់អ្នក តើជ្រើសយកមួយណា? ថ្ងៃនោះខ្ញុំឆ្លើយថា យកមនុស្សដែលខ្ញុំស្រលាញ់… ស្អែកឡើងខ្ញុំគិតថា យកមនុស្សដែលស្រលាញ់ខ្ញុំ ព្រោះនៅជាមួយមនុស្សដែលមិនស្រលាញ់យើងគឺវេទនាខ្លាំងណាស់ គេនឹងមិនខ្វល់ថាយើងកំពុងតែគិតអីនោះទេ។ ប៉ុន្តែនៅថ្ងៃនេះ អារម្មណ៍នៅតែវិលវល់ ទោះចង់ទៅស្រលាញ់មនុស្សដែលស្រលាញ់ខ្ញុំ ក៏ខ្ញុំនៅតែនឹកមនុស្សដែលខ្ញុំស្រលាញ់គ្រប់វិនាទី។ ខ្ញុំក៏ចាប់ផ្ដើមដឹងថា ស្រលាញ់មនុស្សម្នាក់ក៏ខុសដែរ គឺខុសនៅពេលស្រលាញ់មនុស្សដែលមិនគួរនឹងស្រលាញ់ ស្រលាញ់គេតែម្ខាង ស្រលាញ់មនុស្សដែលគ្មានអារម្មណ៍ជាមួយនឹងយើង ខុសដែលធ្វើឱ្យខ្លួនឯងឈឺចាប់ ខុសដែលមិនចេះឱ្យតម្លៃខ្លួនឯង ខុសដែលធ្វើបាបខ្លួនឯង… ខុសដែលរំខានគេព្រោះតែនឹកគេ ព្រោះតែចង់បានគេ…
គ្រាន់តែយើងស្រលាញ់គេ យើងក៏ស្រាប់តែចង់កែប្រែជីវិតគេ សូម្បីតែការគិតរបស់គេ យើងចង់ឱ្យគេស្រលាញ់យើង នឹកយើង ទុកយើងសំខាន់... ដល់តែគេនៅតែជាគេ គេមិនព្រមតាមអ្វីដែលយើងចង់បាន យើងក៏កើតទុក្ខ។ បើគិតត្រឡប់ក្រោយ តើដើមឡើយគេជាអ្នកណា យើងមានអ្វីទាក់ទងនឹងគេទេ ក្រែងគេគ្រាន់តែជាអ្នកដទៃទេតើ ចុះម្ដេចឥឡូវគេបែរជាអ្វីផ្សេងៗក្នុងចិត្តយើងទៅវិញ? តើសមហេតុផលទេ បើយើងស្រាប់តែកើតទុក្ខព្រោះតែគេ? គេមិនបានកើតមកដើម្បីយើងទេ។ ទុកឱ្យគេរស់នៅជាខ្លួនគេទៅ តើបានទេ?

