អ្នកប្រាជ្ញចិត្តវិញ្ញាណ ឡៅ ជឺ មានទស្សនៈអំពីការគ្រប់គ្រងខ្លួនឯងរបស់មេដឹកនាំថា “គ្រប់គ្រងចិត្ត គ្រប់គ្រងគំនិត ព្រោះគំនិតនឹងក្លាយជាសម្តី។ គ្រប់គ្រងសម្តី ព្រោះសម្តីនឹងក្លាយទៅជាទង្វើ។ គ្រប់គ្រងទង្វើ ពីព្រោះទង្វើនឹងក្លាយទៅជាលទ្ធផល”។ អ្នកដឹកនាំមិនអាចឈ្នះខ្លួនឯង ច្រើនតែនាំគ្រោះដល់សង្គម។ ជាមនុស្សល្អដែរ តែចាញ់ដៃតណ្ហាខ្លួនឯង កើតចិត្តស្អប់ច្រណែន រកវិធីផ្ចាញ់ផ្ចាលមនុស្សដែលខ្លួនស្អប់។ ផ្ទាញ់មិនបាន ប្រឹងកាច់មួល។ កាច់មួលមិនបាន រកវិធីចោទ។ ចោទមិនបាន មានអំណាចធំក្នុងដៃ ប្រើអំណាចខុសច្បាប់ដើម្បីតែជ័យជម្នះខុសរឿង ជ័យជម្នះនាំគ្រោះទៅថ្ងៃក្រោយ។
បានឈ្នះលើរឿងខុស នាំឱ្យទឹកចិត្តអ្នកចេះដឹងក្តៅក្រហាយ រាស្ត្រមិនសប្បាយចិត្ត។ លុះដល់ពេលមានឱកាស ការបះបោរកើតឡើងដោយសារតែចិត្តមេដឹកនាំគ្រប់គ្រងមិនបានពីដំបូង។ បុព្វហេតុដ៏តូចមួយ ដូចកម្ទេចភ្លើងដ៏តូច តែមានសមត្ថភាពដុតព្រៃទាំងមូល។ #ដួងព្រលឹងមេដឹកនាំ

