“របស់ខ្លះយើងមានលទ្ធភាពអាចយកមកបានក៏ពិតមែន ប៉ុន្តែនៅទីបំផុតយើងក៏នៅតែគ្មានលទ្ធភាព ដើម្បីថែរក្សាវាឱ្យបានគង់វង្ស។ ពេលចួបរឿងសមបំណង វាក៏ជាដើមហេតុដែលធ្វើឱ្យយើងខកបំណងវិញនៅពេលណាមួយដូចគ្នា”
ការដែលយើងមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងនរណាម្នាក់ វាមិនមែនដោយសារតែយើងបានស្គាល់គ្នាក្នុងរយៈពេលយូរ ឬឆាប់ទេ ប៉ុន្តែវាអាស្រ័យថាយើងបានទទួលអារម្មណ៍បែបណា ពីក្នុងទំនាក់ទំនងមួយនោះ។ គ្រប់ពេលយើងអត់អាចត្រូវផឹកទឹករហូតទេ យើងផឹកទឹកចំពោះតែពេលដែលយើងស្រេកទឹកប៉ុណ្ណោះ។ គ្រប់ពេលយើងក៏អត់ត្រូវការដេករហូតដែរ យើងគ្រាន់តែត្រូវការដេកពេលយើងងងុយ។ គ្រប់ពេលយើងអត់ត្រូវការទទួលទានរហូតទេ យើងគ្រាន់តែត្រូវការទទួលទានពេលណាដែលយើងឃ្លានប៉ុណ្ណោះ ប៉ុន្តែចួនកាលវាមិនមែនឱ្យតែយើងស្រេកយើងក៏មានទឹកផឹក ឱ្យតែយើងងងុយយើងក៏អាចសម្រាក ឱ្យតែយើងឃ្លានយើងក៏មានអ្វីហូបនោះឡើយ។ មានតែបេះដូង និងដង្ហើមដកចេញចូលទេដែលដំណើរការគ្រប់ពេលពេញមួយជីវិត។ វាលែងមានដំណើរការលុះត្រាតែយើងស្លាប់ ហើយយើងស្លាប់ក៏ព្រោះតែវាលែងដំណើរការ។
ដូចគ្នានឹងរឿងជីវិត គ្រប់យ៉ាងគឺវាបែបហ្នឹង វាមិនមែនចេះតែបានតាមការចង់បានរហូតទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងនៅតែបន្តរស់ គឺព្រោះតែយើងបានដាំបណ្ដុះនូវពូជនៃក្ដីសង្ឃឹមសម្រាប់ថ្ងៃស្អែកនោះឯង។ យើងមិនបានដឹងឡើយ ថាអាចរស់នៅបានប៉ុនណាទៀត ប៉ុន្តែព្រោះតែមិនដឹងនេះហើយ ដែលធ្វើឱ្យយើងចេះផ្ដល់តម្លៃ សម្រាប់ពេលវេលាដែលយើងមាននៅក្នុងដៃក្នុងពេលនេះ។ យើងបានប្រឹងប្រែងធ្វើអ្វីតាមដែលយើងអាចធ្វើទៅបាន។ ពេលចួបការព្រាត់ប្រាស់ នោះភាពឈឺចាប់ក៏ប្រាកដឡើងចំពោះមុខ ប៉ុន្តែមែនទែនទៅការមិនចង់ឱ្យមានការបែកបាក់ទេតើ ដែលបណ្ដាលឱ្យយើងឈឺចាប់។ ចួបហើយឃ្លាតជារឿងធម្មតាតែចិត្តប្រាថ្នាចង់ចួបរហូត គឺការប្រឆាំងនឹងច្បាប់នៃធម្មជាតិ ហេតុនេះទើបត្រូវធម្មជាតិដាក់ទោស។ ការមិនចង់នេះហើយដែលធ្វើឱ្យមនុស្សទទួលរងការឈឺចាប់។ វាមិនមែនជារឿងចង់ ឬមិនចង់នោះទេ ប៉ុន្តែវាគឺជារឿងដែលយើងគ្រាន់តែអាចទទួលដឹងថាពេលនេះវាកំពុងតែកើតឡើង។
ពេលចួបវាក៏គ្រាន់តែជាចំណុចចាប់ផ្ដើមទៅរកការបែកគ្នាវិញ ហើយបើពេលបែកមកដល់វាក៏គ្រាន់តែជាចំណុចចាប់ផ្ដើមទៅរកការចួបវិញនៅខណៈណាមួយ។ ដំណើរនៃជីវិតគឺវាបែបហ្នឹង! ចួបបែកៗវិលចុះឡើងរហូត។ មានរឿងសមបំណងក៏មិនបាច់រំភើបពេក ហើយពេលមានរឿងខកបំណងក៏មិនបាច់កើតទុក្ខពេក។ គ្រាន់តែទទួលដឹងនៅក្នុងចិត្តគឺបានហើយ។ បើចិត្តកាន់តែប្រាថ្នាខ្លាំង ចិត្តនេះក៏កាន់តែមានរឿងខកបំណងខ្លាំង បើកាន់តែដាក់សេចក្ដីរំពឹងខ្លាំងប៉ុនណា វាក៏ប្រាកដជាត្រូវខូចចិត្តខ្លាំងប៉ុណ្ណឹងដែរ។ យើងគ្រាន់តែត្រូវរស់នៅឱ្យស្របទៅនឹងដំណើរប្រព្រឹត្តនៃធម្មជាតិតែប៉ុណ្ណោះ។
មនុស្សដែលបានសាងឧបនិស្ស័យស្រដៀងគ្នាក៏អាចរាប់អានទាក់ទងគ្នា រួមគ្នាសាងបង្កើតបានសមិទ្ធផលជាច្រើនជាមួយគ្នា។ ចំណែកមនុស្សដែលមានឧបនិស្ស័យមិនស្របគ្នា សូម្បីតែមិនធ្លាប់ស្រឡាញ់រាប់អានគ្នាផង ក៏ចេះស្អប់គ្នាទៅកើតដែរ។ គ្មានអ្វីជារបស់យើងផង! យើងអាចមានអ្វីជាច្រើន ប៉ុន្តែចុងក្រោយយើងក៏នៅតែមិនមែនជាម្ចាស់កម្មសិទ្ធិលើអ្វីគ្រប់យ៉ាងដែលយើងសន្និដ្ឋានថាជារបស់យើងរហូតមក។ គ្រប់គ្នាកើតមកមានតែខ្លួនទទេស្អាត។ ឈ្មោះដ៏ពីរោះដែលយើងសម្គាល់ថាជាឈ្មោះរបស់យើង ក៏វាគ្រាន់តែជានាមដែលតាងសម្រាប់ឱ្យគេងាយហៅ ងាយចំណាំបានតែប៉ុណ្ណោះ ប៉ុន្តែចុងក្រោយឈ្មោះ ឬនាមនេះក៏គ្មាននរណាអាចចងចាំទៀតដែរ។

