"មនុស្សដែលស្រឡាញ់ផ្កាគង់មិនកាច់ផ្កា។ មនុស្សដែលសម្រេចចិត្តកាច់ផ្កានឹងធ្វើឲ្យផ្កាស្រពោនស្លាប់។ ពេលដែលផ្កាស្វិតស្រពោនស្លាប់នឹងធ្វើឲ្យយើងបាត់បង់ផ្កាដែលខ្លួនធ្លាប់ស្រឡាញ់។ សេចក្ដីស្រលាញ់ពិតគឺមិនមែនជាកម្មសិទ្ធិ តែវាជាការពេញចិត្តឃើញមនុស្សដែលយើងស្រលាញ់រស់នៅមានសេចក្ដីសុខ"។
សេចក្ដីស្រឡាញ់គ្មានហេតុផល ពីព្រោះរឿងហេតុផលជាបញ្ហាខួរក្បាល។ ស្រឡាញ់មនុស្សម្នាក់គ្មានហេតុផល តែបើការស្រលាញ់មានហេតុផលគឺហេតុផលព្រោះស្រឡាញ់ប៉ុណ្ណោះ។ សេចក្ដីស្រលាញ់គ្មានចំណង់ចង់ឈ្នះចាញ់ ពីព្រោះរឿងឈ្នះចាញ់គឺជាចរិតលក្ខណៈរបស់មនុស្សអាត្មានិយម។ សេចក្ដីស្រឡាញ់បែបអាត្មានិយមអាចបន្តដំណើរទៅមុខបាន តែមិនបានយូរអង្វែង។ ស្រឡាញ់ព្រោះមាន ស្រឡាញ់ព្រោះស្អាត ស្រឡាញ់ព្រោះឆ្លាត ឬស្រឡាញ់ព្រោះ...ព្រោះ...ព្រោះ...តែបើថ្ងៃណាមួយឈប់មាន ឈប់ស្អាត ឈប់ឆ្លាតនឹងឈប់ស្រឡាញ់ ពីព្រោះនេះក៏ជាហេតុផលព្រោះ...ព្រោះ...ព្រោះ...ដែរ។
សេចក្ដីស្រលាញ់គឺជាគោលដៅ ជីវិតគឺជាដំណើរទៅរកគោលដៅ ហើយគោលដៅគឺក្ដីស្រឡាញ់។ ចុងក្រោយបើយើងរស់នៅដើម្បីខ្លួនឯងគឺយើងរស់នៅបានដោយសារសេចក្ដីស្រឡាញ់របស់អ្នកដទៃ តែបើយើងចង់រស់នៅដើម្បីអ្នកដទៃ គឺយើងត្រូវហ៊ានលះបង់ខ្លួនឯង។ រស់នៅដោយគ្មានមនោសញ្ចេតនាស្នេហាប្រុសស្រីគឺវាជាការឈឺចាប់ម្នាក់ឯង តែបើរស់នៅដោយគ្មានមនោសញ្ចេតនាចំពោះសង្គមជាតិគឺជាការអស់ផ្ទះសម្បែងស្លាប់ទាំងអស់គ្នា។ នេះហើយបានជាគេនិយាយថា "ស្នេហាគឺការលះបង់"។ តែលះបង់ដើម្បីស្នេហាប្រុសស្រី ឬស្នេហាជាតិវាគឺជាជម្រើសប៉ុណ្ណោះ។

