អ្នកគិតថា អ្នកមិនបានធ្វើការងារ ប៉ុន្តែតាមការពិតគឺសុទ្ធតែជាការងារដែលច្រើនហួសនឹងរៀបរាប់បាន។
អ្នកគិតថា អ្នកទន់ខ្សោយ តែការពិតក្នុងគ្រួសារទាំងមូលស្ទើរតែមិនអាចរកភាពរឹងមាំបានដោយគ្មានវត្តមានរបស់អ្នក។
អ្នកគិតថា អ្នកបានធ្វើការងារច្រើនបំផុត ដោយមិនមានលទ្ធផលការងារ។ ប៉ុន្តែការពិតលទ្ធផលនៃការងាររបស់អ្នកឯទៀតជាច្រើន គឺជាចំណែកដែលមិនអាចគ្មានរូបអ្នក។
អ្នកជាមនុស្សអស្ចារ្យ ព្រោះអ្នកអាចធ្វើការងារដដែលៗរាល់ៗថ្ងៃពេញមួយជីវិត ភាពអស្ចារ្យដែលអ្នកអាចអត់ធ្មត់ អាចអំណត់ អាចរ៉ាប់រង ហើយអ្នកនៅតែអាចញញឹម។
ពីធម្មជាតិ ស្ត្រីយើងជាមនុស្សដែលមានភាពទន់ភ្លន់។ ប៉ុន្តែប្រសិនបើយើងទន់ភ្លន់ដោយខ្វះចំណេះដឹង វានឹងប្រែក្លាយទៅជាគ្រោះថ្នាក់ ឬភាពទន់ជ្រាយ ហើយទោះចង់មិនចង់ យើងក៏រស់ជាមួយពាក្យថាយើងមិនត្រូវបានផ្ដល់តម្លៃពីសង្គម។ មែនទែនទៅ តម្លៃរបស់យើងគឺយើងជាអ្នកសាងបង្កើតឡើង ហើយចូរយើងចេះប្រើប្រាស់សមត្ថភាពរបស់យើងដើម្បីស្វែងរកចំណេះដឹងថ្មីៗ ហើយពង្រឹងខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានសក្ដានុពលពិតប្រាកដ។ ដល់ពេលនោះ យើងនឹងមើលឃើញថាកន្លែងណាក៏រង់ចាំទទួលយើងដែរ ឱ្យតែយើងមានសមត្ថភាពអាចធ្វើឱ្យកន្លែងនោះរីកចម្រើន ឬវិស័យនោះមានភាពលូតលាស់ទៅមុខលឿន។
ប្រសិនបើយើងជាស្ត្រីដែលគ្មានសមត្ថភាព គ្មានចំណេះដឹង យើងក៏នឹងក្លាយជាម្ដាយដែលអសមត្ថភាពក្នុងការចិញ្ចឹមអប់រំកូនៗរបស់យើង។ បង្កើតកូន ២នាក់ ឬ៣នាក់ ឬច្រើនជាងនេះ វាជារឿងពិបាកម្យ៉ាងសម្រាប់ស្ត្រី ប៉ុន្តែរឿងដែលកាន់តែមានទម្ងន់ធ្ងន់ ឬជាបន្ទុកធ្ងន់ ឬជាការលំបាកធ្ងន់ជាងនេះ គឺយើងគ្មានសមត្ថភាពចិញ្ចឹមអប់រំពួកគេឱ្យក្លាយជាធនធានមនុស្សល្អពិតប្រាកដនៅក្នុងសង្គមនាពេលអនាគត ហើយបើពួកគេមិនមែនជាកូនល្អនៅក្នុងគ្រួសារ តើគេនឹងប្រែជាមនុស្សបែបណាក្នុងសង្គម? ទោះចង់ឬមិនចង់ក៏ដោយ បើសិនជាយើងដែលជាមនុស្សស្រី ឬស្ត្រីនេះខ្វះសមត្ថភាព ខ្វះចំណេះដឹង ផលវិបាកនោះគឺថាអនាគតរបស់យើងគឺរស់នៅក្នុងគំនាបសង្គម ព្រោះគំនាបគឺនឹងគាបសង្កត់ខ្លាំងទៅលើអ្នកដែលទន់ខ្សោយ និងអ្នកដែលមិនអាចរើបម្រះដោយសមត្ថភាពរបស់ខ្លួននេះឯង។
បើយើងចង់ឃើញសង្គមរបស់យើងក្លាយជាសង្គមបែបណា ចង់ឃើញគ្រួសាររបស់យើងក្លាយជាគ្រួសារបែបណា ចង់ឃើញសហគមន៍របស់យើងក្លាយជាសហគមន៍បែបណា ចូរយើងត្រលប់មកផ្លាស់ប្ដូរខ្លួនឯងជាមុនសិន ព្រោះគ្រប់យ៉ាងវានឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរ តែនៅពេលដែលយើងបានផ្លាស់ប្ដូរទៅរកភាពប្រសើរដោយខ្លួនឯងជាមុនប៉ុណ្ណោះ។ អ្វីដែលយើងចាំបាច់ត្រូវផ្លាស់ប្ដូរ គឺផ្នត់គំនិតនិងសមត្ថភាពរបស់យើងនេះឯង។ អំណោយដែលធម្មជាតិបានផ្ដល់ឱ្យ គឺវាស័ក្ដិសមណាស់សម្រាប់យើងជាស្ត្រីដែលថាត្រូវមានភាពទន់ភ្លន់គួរឱ្យស្រឡាញ់។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ យើងត្រូវស្វែងរកចំណេះដឹងដាក់ខ្លួនបន្ថែម ព្រោះដោយហេតុថានៅពេលដែលមនុស្សស្រីមានការអប់រំល្អ វាជារឿងសំខាន់ដែលអាចបង្កើតបានគ្រួសារល្អ។
ចំណេះដឹងនោះទៀតសោត វាមិនសំដៅតែថាយើងមានឱកាសអង្គុយរៀននៅក្នុងថ្នាក់រៀន សាលារៀន កម្រិតនៃបរិញ្ញាបត្រតែម្យ៉ាងនោះទេ។ ប៉ុន្តែគឺចំណេះដឹងទូទៅដែលយើងអាចរកបានដោយការអានបន្ថែម ការស្ដាប់បន្ថែម ការគិតពិចារណា និងការឆ្លងកាត់ការពិសោធន៍ផ្ទាល់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ យើងជាមនុស្សស្រីនឹងនៅក្បែរកូនច្រើនបំផុត ហើយក៏ជាអ្នកដែលមានសេចក្ដីអត់ធ្មត់ខ្ពស់ដើម្បីស្ដាប់រាល់បញ្ហា ព្រមជាមួយគ្នានេះដែរ ភាពទន់ភ្លន់របស់យើងវាងាយស្រួលនៅក្នុងការបត់បែន និងដោះស្រាយបញ្ហាប្រកបដោយភាពល្អិតល្អន់។ ភាពទន់ភ្លន់ដោយខ្វះចំណេះដឹង វាពិបាកគេចចេញពីភាពទន់ជ្រាយ តែបើទន់ភ្លន់ហើយ ថែមទាំងមានចំណេះដឹងទៀត វាគឺជាអំណាចនៃស្ត្រី។ ផ្ដល់ឱ្យស្ត្រីនូវឱកាសដើម្បីទទួលបានការអប់រំ គឺប្រៀបដូចជាការចាប់ផ្ដើមនៅក្នុងការបង្កើតពិភពលោកមួយដែលពោរពេញដោយធនធានមនុស្សពិតប្រាកដអីុចឹង។

