ពេលជួបមនុស្សទីមួយ យើងគិតថាគេជាមនុស្សចុងក្រោយក្នុងជីវិតយើង។ ស្រឡាញ់គេណាស់ ជឿជាក់ណាស់ តែចុងក្រោយយើងក៏ត្រូវឈឺចាប់ខ្លាំងមិនស្ទើរ។ បែកមនុស្សទីមួយក៏ក្លាយជាមនុស្សដែលខ្លាចស្នេហា ខ្លាចការសន្យា ខ្លាចពាក្យផ្អែមល្ហែម គិតថាមិនទទួលយកនរណាទៀតទេ ព្រោះមិនចង់ឈឺចាប់ម្ដងទៀត។
ពេលវេលាកន្លងទៅមនុស្សទីពីរក៏ចូលមកធ្វើល្អដាក់ យកចិត្តទុកដាក់ គ្រប់យ៉ាងចាប់ផ្ដើមដោយល្អ ស្នាមញញឹមក៏ប្រាកដឡើងម្ដងទៀត។ ពេលនោះយើងប្រាប់ខ្លួនឯងថា មនុស្សទាំងអស់មិនមែនសុទ្ធតែអាក្រក់ដូចយើងគិតទេ អ្នកខ្លះអាចជាអ្នកធ្វើឱ្យយើងក្លាយជាជនរងគ្រោះ តែក៏អាចមានមនុស្សដែលមកជួយសង្គ្រោះយើងដូចគ្នា។ ស្នេហាទីពីរក៏ចាប់ផ្ដើម ហើយចុងក្រោយក៏ត្រូវបែកគ្នា។ ពេលស្រឡាញ់មនុស្សពិបាកប្រាប់ហេតុផល ប៉ុន្តែពេលអស់ស្រឡាញ់មនុស្សយើងក៏មានហេតុផលសមរម្យច្រើនដែលទោះជាយើងមិនជឿ ក៏ត្រូវតែទទួលយក ហើយអនុញ្ញាតឱ្យគេចាកចេញទៅ។

