#នៅពីក្រោយស្នាមញញឹម

C
នៅពីក្រោយអ្វីដែលគេបានឃើញ គឺជាអ្វីដែលយើងបានជួប បានឆ្លងកាត់ ហើយគ្មាននរណាម្នាក់បានឃើញឡើយក្រៅពីអ្នកដែលធ្វើឱ្យយើងឈឺចាប់ ហើយនោះគឺជាយើងខ្លួនឯងហ្នឹងហើយ។ នៅក្រោយស្នាមញញឹមគឺស្នាមរបួស គឺវាជាការពិតមែនហើយ។ មើលចុះ! យើងស្លៀកសម្លៀកបំពាក់ស្អាតៗ ឱ្យអ្នកដទៃបានឃើញ ប៉ុន្តែការពិតគឺថ្នេរខាងក្នុងរបស់វាមិនស្អាតទេ ហើយយើងមិនឱ្យនរណាបានឃើញវាទេ យើងពាក់បង្ហាញភាពឥតខ្ចោះ ភាពត្រឹមត្រូវ ប៉ុន្តែខាងក្នុងនោះវាគ្មានអ្វីស្អាតស្អំឡើយ។
នៅក្នុងកាលៈទេសៈខ្លះ គឺយើងត្រូវបង្ហាញស្នាមញញឹម យើងញញឹមច្រើនបំផុតដាក់អ្នកដទៃ ហើយប្រសិនបើយើងអាចញញឹមបែបនេះដាក់ខ្លួនឯង វាប្រាកដជាល្អជាងហ្នឹងឆ្ងាយណាស់។ ការពិតទៅ ភាពស្រស់ត្រកាលគឺស្ថិតនៅផ្នែកម្ខាង ហើយភាពអួអាប់គឺស្ថិតនៅផ្នែកម្ខាង។ ផែនដីនេះមិនងងឹតទាំងអស់ទេ នៅពេលផ្នែកម្ខាងងងឹត ផ្នែកម្ខាងទៀតគឺមានពន្លឺ។ វាក៏ដូចគ្នាដែលថានៅពេលយើងត្រូវប្រឈមនឹងបញ្ហា នោះវាប្រាកដជានៅតែមានដំណោះស្រាយនៅផ្នែកម្ខាងទៀត។ ចួនកាលរឿងដែលយើងគិតថាវាលំបាកខ្លាំងណាស់នោះ វាជារឿងដែលងាយស្រួលជាងការគិតរបស់យើងឆ្ងាយណាស់!!!
ប្រវត្តិរបស់រូបចម្លាក់មួយ ដែលពោរពេញដោយក្បាច់ក្បូរវិចិត្រគឺភាពឈឺចាប់ ការអត់ទ្រាំ និងក្ដីអំណត់។ យើងឱ្យតម្លៃចំពោះស្នាមញញឹម ព្រោះយើងធ្លាប់ឆ្លងកាត់ការឈឺចាប់។ យើងឱ្យតម្លៃចំពោះភាពជោគជ័យ ព្រោះយើងធ្លាប់បរាជ័យ។ យើងឱ្យតម្លៃចំពោះការជួបជុំ ព្រោះយើងធ្លាប់បែកបាក់។ យើងឱ្យតម្លៃចំពោះគ្រប់យ៉ាងដែលយើងលំបាកក្នុងការទទួលបានវា ព្រោះនោះវាសមនឹងតម្លៃនៃការលះបង់របស់យើងរហូតមក។
 

Comments