#ធ្វើឱ្យថ្ងៃនេះក្លាយជាថ្ងៃចងចាំល្អ

C
ពេលខ្លះ យើងឱ្យតម្លៃទៅលើតែអារម្មណ៍ពិសេសដែលខ្លួនទទួលបាននៅថ្ងៃណាមួយ (វាអាចជាថ្ងៃដែលកន្លងផុតទៅយូរហើយ) តែបែរមិនដែលខ្វល់ខ្វាយពីបច្ចុប្បន្នរាល់ថ្ងៃដែលខ្លួនកំពុងមាន។ ជីវិតស្នេហារបស់មនុស្សម្នាក់ៗប្រាកដជាមែនភ្លក់តែរសជាតិផ្អែមល្ហែមគ្រប់ពេលនោះទេ។
ចួនកាល យើងអាចនឹងមានអារម្មណ៍ថា មនុស្សដែលយើងស្រលាញ់ប្រែប្រួលពីយើង ហើយយើងលែងទទួលបានអារម្មណ៍ពិសេសដូចពេលដែលយើងស្គាល់គ្នា ឬស្រលាញ់គ្នាពីដំបូងៗ។ រឿងនេះគឺវាពិតហើយ ព្រោះនៅក្នុងសេចក្ដីស្នេហា យើងមិនមែនគ្រាន់តែស្រលាញ់ ហើយភ្លក់នូវរសជាតិផ្អែមនោះរហូតទេ។ ថ្ងៃខ្លះយើងហត់នឿយនឹងរឿងផ្សេងៗទៀត ថ្ងៃខ្លះយើងមានបញ្ហានៅកន្លែងការងារ ថ្ងៃខ្លះយើងមានបញ្ហាគ្រួសារដែលត្រូវឱ្យចូលរួមដោះស្រាយ...។ អារម្មណ៍មនុស្សប្រែប្រួល តែអ្វីម្យ៉ាងដែលមាននៅក្នុងស្នេហាគឺការទទួលខុសត្រូវ។ នរណាក៏ធ្លាប់ធ្វើខុស ធ្លាប់និយាយខុស ធ្លាប់គិតខុស តែម្នាក់ៗក៏ធ្លាប់ធ្វើត្រូវ គិតត្រូវ និយាយត្រូវច្រើនដែរ។ ខុស និងត្រូវមាននៅជាមួយមនុស្សយើងគ្រប់រូប។
ក្នុងជីវិតស្នេហា វាមិនមែនមានតែថ្ងៃពិសេសមួយថ្ងៃដែលត្រូវចងចាំនោះទេ តែវានឹងកាន់តែប្រសើរនៅពេលយើងតែងតែធ្វើឱ្យថ្ងៃនីមួយៗក្លាយជាថ្ងៃដែលពិសេស ថ្ងៃនីមួយៗជាថ្ងៃដែលបានបង្កើតនូវអនុស្សាវរីយ៍ល្អ។ ការធ្វើឱ្យថ្ងៃហ្នឹងល្អបំផុតគឺវានឹងក្លាយជាអតីតកាលដ៏រីករាយ បើយើងលើកវាយកមករំលឹកនៅថ្ងៃណាមួយ។ ឱ្យតម្លៃបច្ចុប្បន្ន យើងនឹងរីករាយ។ កុំរំលងបច្ចុប្បន្ន ដោយកប់ខ្លួនឯងនៅក្នុងអតីតកាល។

Comments