គិតមកដល់ត្រឹមថ្ងៃព្រហស្បតិ៍ទី២១តុលា២០២១ឥណ្ឌាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩បានចំនួន១ពាន់លានដូសហើយ។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលឥណ្ឌា។ឥណ្ឌាជាប្រទេសជាប់លំដាប់ទីពីរដែលបានចាក់ថ្នាំបង្ការបានច្រើនជាងគេដល់កំរិត១ពាន់លាននាក់បន្ទាប់ពីចិនដែលចាក់បានដល់ទៅ២,៣ពាន់លានដូស(បើតាមប៉េកាំង)។បើតាមតួលេខរបស់រដ្ឋាភិបាលបីភាគបួននៃប្រជាពលរដ្ឋពេញវ័យឥណ្ឌាបានទទួលវ៉ាក់សាំងចំនួន១ដូសរួចហើយនិងប្រមាណ៣០%បានទទួលថ្នាំបង្ការគ្រប់២ដូស។ចំណែកយុវជនឥណ្ឌាអាយុក្រោម១៨ឆ្នាំដែលតំណាងឱ្យ៤០%នៃប្រជាជនសរុប១,៣លាននាក់វិញ ពុំទាន់បានចាក់ថ្នាំបង្ការនៅឡើយទេ។ប៉ុន្តែនៅថ្ងៃនេះឥណ្ឌាអបអរការចាក់វ៉ាក់សាំងបានដល់ដូសទី១ពាន់លាន។បន្ទាប់ពីមានយុទ្ធនាការចាក់ថ្នាំបង្ការយឺតយ៉ាវខ្លាំងនៅពេលចាប់ផ្តើមដំបូងកាលពីខែមករា ឥណ្ឌាពេលនេះចាក់វ៉ាក់សាំងបានក្នុងល្បឿន៨លានដូសក្នុងមួយថ្ងៃ។នាយករដ្ឋមន្ត្រីឥណ្ឌាបានថ្លែងអរគុណបុគ្គលិកសុខាភិបាលនិងបានធ្វើសេចក្តីប្រកាសពិសេសតាមអាកាសយានដ្ឋាននិងអយស្ម័យយានអបអរការឆ្លងដំណាក់កាលដ៏សំខាន់មួយនេះ។សូមបញ្ជាក់ថាកាលពីខែមេសានិងឧសភាឥណ្ឌារងការរាតត្បាតយ៉ាងខ្លាំងក្លាដោយមានករណីឆ្លងថ្មីជាង៤សែននិងស្លាប់ជាងបួនពាន់ក្នុងមួយថ្ងៃៗ។មន្ទីរពេទ្យមណ្ឌលសុខភាព ណែនចាល់ខ្វះសព្វខ្វះគ្រប់ខ្វះទាំងអុកស៊ីហ្សែនសម្រាប់សង្គ្រោះព្យាបាលអ្នកជំងឺសូម្បីកន្លែងបូជាសពក៏ចាល់ដែរ។ជាផ្លូវការឥណ្ឌារាប់មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៣៤លាននាក់និងស្លាប់៤៥២០០០នាក់។ឥលូវករណីឆ្លងថ្មីបានធ្លាក់ចុះក្រោម១៥០០០នាក់ក្នុងមួយថ្ងៃហើយសកម្មភាពទូទៅក្នុងប្រទេសវិលត្រលប់មកស្ទើរដូចធម្មតាវិញ។ជាងនេះទៅទៀត កាលពីដើមសប្តាហ៍ ប៊ុមបេ ក្រុងសេដ្ឋកិច្ចរបស់ឥណ្ឌា លែងមានអ្នកស្លាប់ដោយកូវីដសោះពេញមួយថ្ងៃ។អាជ្ញាធរបានលើបម្រាមទាំងឡាយនិងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចជួបជុំប្រារព្វពិធីបុណ្យសាសនាផ្សេងជាលើកទីមួយគិតចាប់តាំងពីកូវីដ១៩បានផ្ទុះឡើង។ដើម្បីបញ្ចៀសរលកចម្លងថ្មីរដ្ឋាភិបាលឥណ្ឌាបានណែនាំពលរដ្ឋឱ្យទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់ដូស។ចំណែកអាជ្ញាធរសុខភិបាលទើបចេញអនុសាសន៍ឱ្យប្រើថ្នាំបង្ការCovaxinថ្នាំបង្ការមួយក្នុងចំណោមថ្នាំបង្ការទាំង៧ដែលធ្វើចរាចរណ៍នៅឥណ្ឌា សម្រាប់យកទៅចាក់លើក្មេងក្រោមអាយុ១៨ឆ្នាំ៕

