សង្គមបច្ចុប្បន្ន មនុស្សគ្រប់គ្នា កំពុងតែនាំគ្នាធ្វើជាទាសកររបស់ប្រាក់ ក្រដាស់ប្រាក់គឺជាអ្នកត្រួតពិនិត្យការងាររបស់យើង។ គិតត្រឹមតែគំរោងរកវា មិនអីទេ តែនាំគ្នាគិតជ្រុលរហូតដល់ទៅការភ័យព្រួយជាមុនទៅទៀតផង ទីបំផុតនាំគ្នាក្តៅក្បាល ដេកមិនលក់ ល្ហិតល្ហៃអស់កម្លាំងបាយមិនបាន ជាដើម ។ អ្នកខ្លះសួរមកខ្ញុំថា ហេតុអីក៏ខ្ញុំចេះតែគិតច្រើនម៉្លេះ ? ចុះអ្នកណាទៅដឹងថាយើងកំពុងតែគិតពីអី ? យើងគឺជាអ្នកគិតខ្លួនឯងសោះ ! កុំតែគិតទៅវាចប់បាត់ទៅហើយ ! ក៏ប៉ុន្តែ ដោយសារតែយើងគិតរហូតក្លាយជាទំលាប់ ពេលនោះយើងពិបាកនឹងបញ្ឈប់វាបានណាស់(Thought process) នេះជាវិធានបីយ៉ាងដើម្បីជួយកាត់បន្ថយការគិត៖
១ -ចាកចេញពីការប្រកួតប្រជែងសំភារៈគ្នា (ការប្រកួតប្រជែងសំភារៈគឺជាអំពើរបស់មនុស្សល្ងង់ឬ ជាអំពើរបស់សត្វ ការប្រកួតប្រជែងគុណធម៌គឺជាអំពើរបស់មនុស្សឆ្លាតឬមនុស្សជាន់ខ្ពស់) ការភ័យបារម្ភខ្លាចក្រ ខ្លាចគេមើលងាយ ....សុទ្ធតែជាការ ប្រឌិតអារម្មណ៍ធ្វើបាបខ្លួនឯង ធ្វើដូចខ្លួនគឺជាមនុស្សដែលមិនចេះស្លាប់ ! ។
២- កុំរស់ក្រោមចំណង់ៈ ចំណង់គឺជាការប្រដេញឥតឈប់ឈររបស់ចិត្ត កាន់តែគិតគឺកាន់តែចង់បាន ! ចិត្តក្លាយជារហេមរហាមតក់ក្រហល់អន្ទះអន្ទែង ។
៣- ត្រូវរស់ឲ្យផុតពីសំភារៈ ត្រូវចេះប្រើសំភារៈដោយគ្មានការជាប់ជំពាក់ចិត្តខ្លាំងពេក ខ្លះឲ្យតំលៃសំភារៈថ្លៃជាងជីវិតខ្លួនឯងទៅទៀត «ត្រឹមតែជារបស់ក្រៅខ្លួនសោះ» ! ។នៅមានមូលហេតុនាំឲ្យមានការគិតច្រើនដទៃទៀត ដែលយើងត្រូវមានស្មារតីតាមដឹងចិត្តគិតឲ្យបានល្អ ! ។

