អាហាររបស់ការស្ងប់ចិត្ត(ចិត្តបស្សទ្ធិ)

C

អាហាររបស់ការស្ងប់ចិត្ត(ចិត្តបស្សទ្ធិ)គឺការគិតឲ្យយល់(យោនិសោមនសិការៈ) កាលបើចិត្តគិតយល់ហើយនោះ ចិត្តនឹងព្រមជាមួយ កាលណាចិត្តព្រមហើយ វាក៏លែងអន្ទះអន្ទែង​ហើយចុះស្ងប់(សន្តិ) « ចិត្តព្រមស្តាប់តាមការនិយាយរបស់អ្នកជានិច្ច » តើអ្នកណាជាអ្នកនិយាយ ? គឺបញ្ញា ហើយចុះបញ្ញាបានមកពីណា ? បានមកពីការគិត ហើយគិតចេញមកពីណា ? បានមកពីការចាំ(សញ្ញា) ការវិភាគយល់លើកមុន(អាសេវនបច្ច័យ) ។ សារុបមកអ្វីៗ គឺពឹងអាស្រ័យគ្នាទៅវិញទៅមកទាំងអស់ គ្មានធម្មជាតិណាមួយកើតឡើងទោលតែឯងនោះទេ ចង់ឲ្យធម្មជាតិណាមួយរឹងមាំទាល់តែគេបំប៉នអាហារដល់វារាល់ថ្ងៃ គេមិនអាចនិយាយថា ធម៌ទាំងឡាយមានស្រេចស្រាប់អស់ហើយ មិនចាំបាច់ទៅបង្កើតឬទៅសាងវាឡើងនោះទេ យ៉ាងនេះជាដើមឡើយ សតិមានហើយ បញ្ញាក៏មានហើយ តែបើមិនពង្រឹងមិនថែទាំទេ សតិបញ្ញានឹងខ្សោយកម្លាំងប្រើការមិនកើតទេ ។ ព្រោះហេតុនេះហើយ សតិប្បដ្ឋាន៤គឺជាការហ្វឹកហាត់អប់រំឲ្យកើតសតិបញ្ញាស្មារតីនេះឯង សម្រួមជាអាហាររបស់សតិ សតិជាអាហាររបស់សុចរិត៣ សុចរិត៣ជាអាហាររបស់សតិប្បដ្ឋាន៤ សតិប្បដ្ឋាន៤ជាអាហាររបស់ពោជ្ឈង្គៈ៧ ពោជ្ឈង្គៈ៧ជាហេតុជិតនៃនិព្វានដោយន័យយ៉ាងនេះឯង ។ 

Comments