ពីរនាក់ម្តាយនិងកូនស្រឡាញ់គ្នាដូចលលកញីឈ្មោល ព្រោះអ្នកម្តាយតែងជួយបន្សាត់ការងឿងឆ្ងល់របស់កូន។ថ្ងៃមួយកូនបានសួរម្តាយថា ម៉ែហេតុអីក៏កូនមានដុំពកនៅលើ កទៅម៉ែ? អើហ៍ ! ធម្មជាតិបង្កើតមកឲ្យកូន ដើម្បីជាកម្លាំងទុកជល់ទប់ទល់នឹងគូសត្រូវហ្នឹងណាកូន!។វាញញឹមដោយក្តីពេញចិត្ត បន្ទាប់មកវាឆ្ងល់ម្តងទៀត ម៉ែ!ចុះហេតុអីជើងយើងមានក្រចកធំៗអញ្ចឹងទៅម៉ែ? អើហ៍! ព្រោះយើងគឺជាសត្វអស្ចារ្យ ដែលអាចដើរទៅកាន់ទីកន្លែងគ្រប់យ៉ាងបានហ្នឹងណា!។កូនគោញញឹមដោយក្តីពេញចិត្ត ស្រាប់តែវាប្រែទឹកមុខបើកភ្នែកធំៗសួរម៉ែថា ម៉ែ ! បើយើងជាសត្វអស្ចារ្យ តើហេតុអ្វីបានជាយើងត្រូវមកបំរើមនុស្សទៅម៉ែ?។ម្តាយដកដង្ហើមបន្ធូរអារម្មណ៍បន្តិចព្រោះនេះគឺជាសំណួរដែលពិបាកដោះស្រាយ វាលិទ្ធខ្នងឲ្យកូនបណ្តើរពន្យល់បណ្តើរ កូនអើយនេះគ្រាន់តែជាបាតុភូតជីវិត ដែលសត្វកើតមកត្រូវមានឧបសគ្គនិងវិបត្តិជាធម្មតា យើងត្រូវចេះពេញចិត្តចំពោះអ្វីដែលខ្លួនមាន សត្វទាំងអស់សុទ្ធតែមានចំណុចខ្សោយនិងចំណុចខ្លាំងរៀងៗខ្លួន មច្ឆាពឹងទឹក ម្រឹគពឹងដី បក្សីពឹងខ្យល់ ។សូម្បីតែតោជាស្តេចសត្វ គង់នៅចាញ់សត្វល្អិតមានមូសនិងរុយជាដើមបំផ្លាញជីវិតបាន លោកនេះគ្មានអមតៈភាពនៃអំណាចឡើយ ការស្វែងរកភាពទៀងនិងសុខពីអត្តភាពដែលមិនទៀងមិនជាឋានៈឡើយ !សំខាន់ឲ្យតែកូនចេះគ្រប់គ្រងការគិតរបស់ខ្លួនឲ្យបានល្អ និងចេះដោះស្រាយបញ្ហាជីវិតរបស់ខ្លួនឯងឲ្យបានត្រឹមត្រូវ តែប៉ុណ្ណឹងទៅបានហើយ កុំប្រដេញតាមជីវិតសត្វដទៃឡើយ!!!។កូនគោជាសត្វកត្តញ្ញូស្តាប់សំដីមាតាដោយយកចិត្តទុកដាក់ តាំងពីថ្ងៃនោះមកវាបានស្កប់ស្កល់ក្នុងការគិត ហើយចេះព្រមទទួលយកការពិតដោយបញ្ញា៕

