ភាវៈនៃទឹក គឺអាចក្លាយជារឹង រាវ និងឧស្ម័នបាន ប៉ុន្តែវានៅតែរក្សាលក្ខណះជាទឹកដដែល ភាវៈនៃចិត្តក៏ដូចគ្នា វាអាចក្លាយជាប្រេត ជានរក ជាមនុស្ស ជាទេវតា ជាព្រហ្ម ជាព្រះបាន គឺអាស្រ័យលើការអភិវឌ្ឍទៅលើវាតែប៉ុណ្ណោះ ! ។ តើអ្នកណាទៅជាអ្នករចនាចិត្ត ? គឺសតិបញ្ញាស្មារតីក្នុងការសិក្សានេះឯង នៅពេលគេបានស្គាល់ពីការពិតក្នុងធម្មជាតិ ពេលនោះមន្ទិលឬភាពងងឹតរបស់ចិត្តត្រូវបានផ្លាស់ប្តូរទាំងស្រុងជាមិនខាន ។ បញ្ញាបានយល់ដឹងពីធម្មជាតិពិតនៃជីវិត វាបានបន្សាបអវិជ្ជា ការមិនដឹងបានដោយផ្ទាល់ ។ រណ្តៅភ្លើង ចំពោះអ្នកដឹងរមែងដើរគេច ឯអ្នកមិនដឹងរមែងដើរចូល ហេតុនេះការអភិវឌ្ឍសេចក្តីដឹងឬបញ្ញា គឺជារឿងសំខាន់ណាស់ ! យើងមកកាន់លោកនេះគឺដើម្បីសិក្សាអភិវឌ្ឍចិត្តយើងតែប៉ុណ្ណោះ ! មិនមែនមកលិចចុះក្នុងលោកនេះឡើយ ចូរជាបុគ្គលមានការភ្ញាក់រលឹកឡើង ! ។

