ពិភពលោកបានមូលមតិគ្នាថា ដែលកំណត់បានជាសាសនាមួយគឺត្រូវមានអង្គ៥ ៖
១- មានអ្នកបង្កើត(ជាម្ចាស់សាសនា) មានភ័ស្តុតាងទីកន្លែងបញ្ជាក់ពីការរស់នៅរបស់គាត់ ។
២- មានពាក្យប្រៀនប្រដៅមនុស្សឲ្យរស់នៅមានក្តីសុខ ។
៣- មានគោលគម្ពីរធម៌ច្បាស់លាស់ ។
៤- មានបព្វជិតអ្នកទ្រទ្រង់គោរពតាម ។
៥- មាននិមិត្តសញ្ញាសំគាល់សាសនា ។
ធាតុ៦យ៉ាងសំគាល់ថាជាពុទ្ធសាសនា ៖
១- ពុទ្ធសាសនបុគ្គលៈ បុគ្គលអ្នកគោរពមានគ្រឿងសំគាល់ផ្ទាល់ ។
២- ពុទ្ធសាសនស្ថានៈ ទីកន្លែងជាគ្រឿងសំគាល់ មានវត្តអារាមព្រះវិហារ។
៣- ពុទ្ធសាសនវត្ថុៈ មានពុទ្ធបដិមា ទង់សាសនា ពោធិព្រឹក្ស។
៤- ពុទ្ធសាសនពិធីៈពិធីផ្សេងៗក្នុងពុទ្ធសាសនា។
៥- ពុទ្ធសាសនធម៌ៈ មានគម្ពីរបិដកជាគោល។
៦- ពុទ្ធសាសនបដិបត្តិ មានពុទ្ធបរិស័ទគោរពបដិបត្តិតាម។
ធាតុទាំង៦សំខាន់ហើយទាក់ទងគ្នាមិនអាចផ្តាច់ចេញពីគ្នាបាន ប៉ុន្តែដែលសំខាន់ជាងគេគឺការគោរពប្រតិបត្តិតាមធម៌ ។
តួនាទីពុទ្ធបរិស័ទ
ក្រោយពីបានប្រកាសខ្លួនដោយសូត្រឮៗថា ពុទ្ធំសរណំគិច្ឆាមិ ធម្មំសរណំគិច្ឆាមិ សង្ឃំសរណំគិច្ឆាមិ (សូត្របីដង) បរិស័ទត្រូវមានតួនាទីធំៗ២យ៉ាងៈ
១- តួនាទីចំពោះខ្លួនឯងៈត្រូវសិក្សាឲ្យបានត្រឹមត្រូវហើយប្រតិបត្តិតាម បើចេះតែទ្រឹស្តីមិនបានប្រតិបត្តិព្រះលោកហៅថា បុគ្គលគម្ពីរទទេរឬមោឃៈបុរស ។
២- តួនាទីចំពោះសាសនាៈត្រូវចេះថែរក្សាការពារ កំចាត់គ្រឿងសៅហ្មងក្នុងសាសនា និងជួយផ្សព្វផ្សាយសាសនាដើម្បីប្រយោជន៍ដល់មនុស្សសត្វទូទៅឲ្យបានក្តីសុខសន្តិភាព ។
ពុទ្ធបរិស័ទត្រូវស្គាល់កិលេសបីនិងធម៌បដិបក្ខៈ
ក - កិលេសបីៈ
១- វិតិក្កមៈកិលេសៈជាកិលេសគ្រោតគ្រាត ដែលលេចចេញតាមកាយវាចវា ឧ- ចង់ខ្លាំងពេក ខឹងខ្លាំងពេក ទើបសម្តែងចេញតាមពាក្យសម្តីនិងកាយវិការ សភាពលេចចេញយ៉ាងគំហុកបែបនេះបើសម្រួមស្មារតីមិនល្អទេទប់មិនជាប់ឡើយ តែបើសម្រួមក្នុងសីលបានល្អ គឺសីលប៉ុណ្ណោះដែលអាចទប់ទល់កិលេសប្រភេទនេះបាន។
២- បរិយុដ្ឋានកិលេសៈជាកិលេសល្អិតថ្នាក់កណ្តាល ដែលលេចឡើងក្នុងចិត្ត តែមិនបញ្ចេញតាមកាយវាចា ឧ- គិតព្រួចៗពីការចង់បានរបស់គេ គិតដាក់បណ្តាសារគេក្នុងចិត្ត កិលេសប្រភេទនេះគឺមានតែសមាធិប៉ុណ្ណោះដែលមានអំណាចជាន់ឈ្លីរញាំញីឲ្យវាទន់ដៃទន់ជើងបាន សតិក្នុងសមាធិរមែងតាមដឹងទាន់ពីការគិតមិនល្អ ហើយចេះលះបង់ការគិតមិនល្អនោះចោលចេញ ។
៣- អនុស័យកិលេសៈជាកិលេសល្អិតដែលដេកត្រាំក្នុងសន្តានចិត្តជាយូរមកហើយ វារង់ចាំតែប៉ះហេតុនាំឲ្យទាស់ចិត្តបានវាស្ទុះចេញមកបង្ហាញមុខ ឧ- មានះ ប្រកាន់ ទិដ្ឋិ រាគៈ តណ្ហា ដែលពិបាកមើលឃើញបាន។ត្រង់ណាដែលខ្លួនមិនចូលចិត្តចេះតមបានហើយមើលងាយអ្នកតមមិនបាន ត្រង់ណាខ្លួនចូលចិត្តតមមិនបានក៏ពោលលើកហេតុផលយកត្រូវខ្លួនឯង កិលេសប្រភេទនេះមានតែវិបស្សនាប៉ុណ្ណោះទើបអាចកំចាត់បាន ព្រោះវិបស្សនាមានការពិនិត្យសង្កេតហេតុផលមិនលំអៀង និងការពិចារណាលំអិតតាមសេចក្តីពិត ។សារុបមក វិតិក្កមៈកិលេសត្រូវបានរារាំងដោយសីល បរិយុដ្ឋានកិលេសដោយសមាធិ អនុស័យកិលេសដោយវិបស្សនា ដោយន័យដូច្នេះឯង ។

