ដោយសារតែចិត្តចង់ធ្វើតែរឿងដែលស្រួលៗហ្នឹងហើយ ទើបជីវិតវាចេះតែលំបាកទៅៗដូច្នេះ រឿងដែលធ្វើឱ្យយើងមានអារម្មណ៍ស្រណុកសុខស្រួលនៅថ្ងៃនេះ វាអាចជាអ្នកបង្កបញ្ហានៅថ្ងៃអនាគតរបស់យើង ដូច្នេះហាត់លត់ដំធ្វើរឿងលំបាកខ្លះនៅថ្ងៃនេះវាជារឿងល្អសម្រាប់ថ្ងៃខាងមុខ ម្ដាយឪពុកខ្លះមានជីវភាពក្រីក្រទើបប្រាប់កូនថា មិនដឹងខំរៀនធ្វើអ្វី បើក្ររកតែអង្ករច្រកឆ្នាំងសឹងមិនបានផង ប៉ុន្ដែម្ដាយឪពុកខ្លះក្រទ្រព្យតែមានគំនិតគិតបានវែងឆ្ងាយទើបប្រាប់កូនថា កូនត្រូវខំប្រឹងរៀនសូត្រណាកូន កុំឱ្យថ្ងៃក្រោយរស់នៅលំបាកលំបិនដូចម៉ែពុកសព្វថ្ងៃ ម៉ែពុកមានតែទ្រព្យនេះហើយសម្រាប់ចែកឱ្យកូន ហេតុនេះចូរកូនប្រើប្រាស់នូវពេលវេលាដែលពុកម៉ែផ្ដល់ឱ្យនេះដោយប្រុងប្រយ័ត្ន។ឃើញទេគ្រួសារមានជីវភាពក្រីក្រដូចគ្នា តែចិត្តគំនិតខុសគ្នាហើយអនាគតរបស់អ្នកដែលមានបច្ចុប្បន្នលំបាកតែមានគំនិតតស៊ូនឹងត្រូវបានបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយអាចរស់នៅក្នុងជីវិតដ៏ប្រសើរដែលខ្លួនធ្លាប់ស្រមៃចង់បាន ចំណែកអនាគតរបស់អ្នកក្រដែលមានគំនិតអវិជ្ជមាន យកលេសក្រលំបាក ហើយបោះបង់ចោលសៀវភៅ ចោលសាលារៀននឹងកាន់តែក្រលំបាកថែមទៀតនៅថ្ងៃខាងមុខ។
ជីវិតវាមិនងាយស្រួលទេដើម្បីតស៊ូជាមួយការលំបាក ឬបញ្ហាដែលយើងជួបប្រទះប្រចាំថ្ងៃ ព្រោះរឿងដែលងាយស្រួលក្នុងជីវិតគឺការបង្កើតហេតុផលដើម្បីបោះបង់ចោលលែងខ្វល់ខ្វាយនឹងជីវិតនៅថ្ងៃអនាគតដែលនឹងចូលមកដល់ ដោយរស់នៅមួយថ្ងៃសម្រាប់តែមួយថ្ងៃអ៊ីចឹងទៅ ពេលវេលាចេះតែរសាត់ទៅមុខអ្វីៗក៏ចេះតែប្រែប្រួល ហើយអ្វីក៏ដោយក៏យើងអាចផ្លាស់ប្ដូរបានដែរ សុំត្រឹមតែយើងត្រលប់មកផ្លាស់ប្ដូរការគិតនិងទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួនជាមុនសិនទៅគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ចួនកាលបញ្ហាដែលយើងត្រូវប្រឈមគឺវាលំបាកនៅក្នុងការដោះស្រាយឬហែលឆ្លង ប៉ុន្តែអ្នកដែលធ្វើឱ្យវាកាន់តែលំបាកទៅៗគឺចេញពីគំនិតរបស់យើង និងការឆ្លើយតបរបស់យើងចំពោះបញ្ហាទាំងអស់នោះ ជីវិតងាយស្រួលណាស់ ប៉ុន្តែមនុស្សយើងទេដែលលំបាកយើងលំបាកនៅថ្ងៃនេះ ព្រោះយើងមិនទាន់ចេះគិតកាលពីម្សិលមិញ ហើយយើងនឹងលំបាកនៅថ្ងៃស្អែកប្រសិនបើយើងមិនព្រមគិតនៅថ្ងៃនេះទេ។
ការដែលគិតចង់បានតែភាពស្រណុកសុខស្រួលក្នុងថ្ងៃនេះ គិតបែបខ្លីៗគិតបែបផ្លូវកាត់គិតថ្ងៃនេះចង់មានបានថ្ងៃស្អែក ដាំថ្ងៃនេះចង់បានផលថ្ងៃស្អែកវាជារឿងដែលអាចទៅរួច តែមិនទៅរួចក្នុងរយៈពេលយូរអង្វែងឡើយ ចង់ដល់គោលដៅតែខ្ជិលបោះជំហានដើរ ចង់ជោគជ័យតែខ្ជិលប្រឹង ចង់មានបានតែចូលចិត្តដេកច្រើនជាងធ្វើការ ចង់ចេះតែខ្ជិលរៀន ចង់រឹងមាំតែខ្ជិលឆ្លងកាត់ការលំបាកគឺអាចអនុវត្តបានជោគជ័យតែចំពោះមនុស្សដែលបរាជ័យប៉ុណ្ណោះ កុំចង់ស្រណុកនៅពេលជីវិតកំពុងតែលំបាក ព្រោះយើងនឹងត្រូវលំបាករហូតមិនខានឡើយ។
អត្ថបទដកស្រង់ចេញពីសៀវភៅ #កាដូជីវិត
កែសម្រួលដោយ៖ឈិន ភិន



