ពេលវេលាបានឲ្យយើងជួបគ្នាហើយក៏ឲ្យពួកយើងស្រលាញ់គ្នា តែដោយសារតែតម្រូវការជីវិតត្រូវបង្ខំឲ្យពួកយើងឃ្លាតពីគ្នាទាំងចិត្តកំពុងស្រលាញ់ ទោះអូនត្រូវលះបង់បងឲ្យទៅគេតែអូនពិតជាធ្វើអ្វីមិនបានមែន ពួកយើងព្យាយាមហើយនៅតែគ្មានលទ្ធផល សង្ឃឹមថាការចាកចេញរបស់អូននឹងធ្វើឲ្យបងមានក្ដីសុខ ហើយគេនឹងល្អដាក់បង ស្រលាញ់មើលថែនឹងបារម្ភពីបងដូចដែលអូនផ្ដល់ឲ្យបងទោះម្នាក់ដែលនៅក្បែរបងមិនមែនជារូបអូនក៏ដោយតែអូនសុំឲ្យបងចងចាំអូននៅក្នុងចិត្តនិងក្ដីស្រលាញ់របស់អូនដែលមានឲ្យបងកន្លងមក។
អូនពិតជាសោកស្ដាយណាស់ដែលពួកយើងដើរមកដល់ចំណុចនេះហើយ អូនខំព្យាយាមស្របតាមបងពេករហូតដល់បងមើលមិនឃើញពីតម្លៃរបស់អូន ដំបូងបងតែងតែថាអូនខឹងច្រើនរករឿងគ្មានហេតុផលអូនប្រច័ណ្ឌពេកមិនលើកលែងសូម្បីតែមិត្តភក្តិស្រីៗរហូតអូនលះបង់ចរិតបែបនេះបានពាក់កណ្ដាល អូនរៀនធ្វើមនុស្សស្រីចិត្តធ្ងន់មិនខឹងមិនសួរនាំច្រើន មិនប្រច័ណ្ឌទោះឃើញបងលេងស្និតស្នាលជាមួយមនុស្សស្រីលើ Social media ប៉ុន្មាននាក់ក៏អូនសុខចិត្តអង្គុយអន់ចិត្តទឹកភ្នែកហូរមកទាំងដែលបងសួរដូចជាគ្មានរឿងអ្វី? ប្រហែលបងគិតថាអូនល្ងង់ពេកដល់ថ្នាក់មិនដឹងអ្វី? ទោះអូនចិត្តធ្ងន់ក៏មានបេះដូងចេះឈឺចាប់ យើងមិនត្រឹមសង្សារនឹងគ្នាដែលអាចលែងដៃគ្នាស្រួលៗនោះទេ។
អូនសង្ឃឹមថាបងនឹងយល់ពីក្ដីស្រលាញ់មួយនេះ បើសិនជាអាចសុំឲ្យបងវិលមកជាបងកាលពីប៉ុន្មានឆ្នាំមុន កែប្រែដើម្បីអូនផង អូនមិនត្រូវការពាក្យSweet អ្វីទេសុំត្រឹមតែសុភមង្គលនិងផ្ដល់តម្លៃក្ដីស្រលាញ់ឲ្យអូនដូចមុនត្រឹមតែពាក់កណ្ដាលក៏ព្រម។ មនុស្សស្រលាញ់គ្នាពិតបាកដមិនគួរមានរឿងលាក់បាំងហើយក៏មិនគួរកុហកព្រោះការកុហកបិទបាំងគឺជាឫសគល់នាំឲ្យមានការមិនទុកចិត្ត នៅពេលបាត់អស់ទំនុកចិត្តក្ដីស្រលាញ់ក៏បំផ្លាញទៅតាមហ្នឹងដែរ។
អត្ថបទដោយ៖ឈិន ភិន



