{៤៥៩} ខ្ញុំបានស្ដាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រាហ្មណគ្រាមឈ្មោះឯកសាលា នាដែនកោសល ។ សម័យនោះឯង ព្រះមានព្រះភាគ មានគិហិបរិស័ទជាច្រើនគាល់ត្រៀបត្រា ហើយទ្រង់សំដែងធម៌ ។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណគោតមនេះឯង មានគិហិបរិស័ទជាច្រើនគាល់ត្រៀបត្រា សំដែងធម៌ បើដូច្នោះ គួរតែអាត្មាអញចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស ។
{៤៦០} លំដាប់នោះឯង មារមានចិត្តបាប ក៏ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏បានពោលនឹងព្រះមានព្រះភាគដោយគាថាដូច្នេះថា
ព្រះអង្គ ទ្រង់ប្រៀនប្រដៅនូវបុគ្គលដទៃ ដោយពាក្យណា ពាក្យនុ៎ះ មិនសមគួរដល់ព្រះអង្គទេ ព្រះអង្គប្រព្រឹត្តិនូវធម្មកថានោះ កុំជាប់ចំពាក់ក្នុងអំណរនិងកំហឹងឡើយ ។
{៤៦១} ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ព្រះសម្ពុទ្ធមានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ តែងប្រៀនប្រដៅនូវបុគ្គលដទៃ ព្រះតថាគតទ្រង់ផុតស្រឡះ ចាកអំណរនិងកំហឹងហើយ ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ ។
#មានសសូត្រទី៥
{៤៦២} ខ្ញុំបានស្ដាប់មក យ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។
{៤៦៣} លំដាប់នោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគដោយគាថាដូច្នេះថា
អន្ទាក់គឺរាគៈណា ដែលត្រាច់ទៅលើឱកាស តែងតែប្រព្រឹត្តទៅក្នុងចិត្ត ខ្ញុំនឹងបៀតបៀនព្រះអង្គ ដោយអន្ទាក់នោះ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ ។
{៤៦៤} ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទីត្រេកអររបស់ចិត្ត តថាគត បានប្រាសចាកសេចក្តីពេញចិត្ត ចំពោះអារម្មណ៍ទាំងអស់នោះហើយ ម្នាលមារ អ្នកឯង ក៏តថាគតបានកំចាត់ចេញហើយ ។
លំដាប់នោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកពីនោះទៅ។
#បត្តសូត្រទី៦
{៤៦៥} ក្នុងវត្តទៀបក្រុងសាវត្ថី... ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយកឧបាទានក្ខន្ធទាំង ៥ ប្រការមកពន្យល់ភិក្ខុទាំងឡាយឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយដោយធម្មីកថា ។ ភិក្ខុទាំងនោះ ក៏ធ្វើឱ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្តប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្ដាប់ធម៌ ។ លំដាប់នោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណគោតមនេះឯង លើកយកឧបាទានក្ខន្ធទាំង ៥ ប្រការ មកពន្យល់ភិក្ខុទាំងឡាយឲ្យយល់ជាក់ ឱ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្តប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្ដាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញចូលទៅរកព្រះសមណគោតម ដើម្បីនឹងធ្វើបញ្ញាចក្ខុឲ្យវិនាស ។ ក៏សម័យនោះឯង ចួនជាមានបាត្រច្រើន ដែលដាក់ទុកក្នុងទីវាលស្រឡះ ។
{៤៦៦} គ្រានោះ មារមានចិត្តបាប បាននិមិត្តខ្លួនឲ្យមានភេតដូចជាគោហើយ ដើរសំដៅទៅត្រង់បាត្រទាំងនោះ ។ គ្រានោះឯង ភិក្ខុ ១ រូប បានស្រែកប្រាប់ទៅភិក្ខុ ១ រូបថា ហ៏ភិក្ខុ ភិក្ខុ គោនុ៎ះ បំបែកបាត្រហើយ ។ កាលបើភិក្ខុនោះពោលដូច្នោះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុនោះដូច្នេះថា នែភិក្ខុ នុ៎ះមិនមែនជាគោទេ នុ៎ះឯងគឺមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុរបស់អ្នកទាំងឡាយឲ្យវិនាសទេតើ ។
{៤៦៧} គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាបដោយគាថាដូច្នេះថា
ខន្ធបញ្ចកៈណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បុគ្គលនឿយណាយក្នុងខន្ធបញ្ចកៈនោះយ៉ាងនេះថា នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជារបស់អញ សូម្បីមារនិងសេនានៃមារ កាលស្វែងរកក្នុងឋានទាំងពួង ក៏មិនបានឃើញនូវអត្តភាពក្សេមក្សាន្ត ប្រាសចាកតម្រេក កន្លងបង់នូវសំយោជនៈទាំងពួងយ៉ាងនេះឡើយ ។
គ្រានោះឯង មារមានចិត្តបាប ។បេ។ ក៏បាត់ចាកទីនោះទៅ ។

