ភ្នំពេញ ៖ សត្វខ្ទីងដែលជាសត្វព្រៃមានតម្លៃជាសកលចំនួន ៥ក្បាល ត្រូវបានប្រទះឃើញតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅសហគមន៍វាលកន្សែង ក្នុងខេត្តក្រចេះ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលបានដកស្រង់ចុះផ្សាយពីអង្គការWWF
បានឱ្យដឹងថា ក្រៅពីការឃើញវត្តមានសត្វខ្ទីង សហគមន៍ក៏បានបញ្ជាក់ថាឃើញមានវត្តមាន សត្វទន្សោង ឈ្លូស ជ្រូកព្រៃ និងពពួកពានររស់នៅក្នុងព្រៃសហគមន៍ផងដែរ។ កំណត់ត្រារូបភាពសត្វខ្ទីងនេះ គឺជាកំណត់ត្រាលើកដំបូងដែលត្រូវបានថតជាប់តាមរយៈកាមេរ៉ាស្វ័យប្រវត្តិរបស់សហគមន៍។
គួរបញ្ជាថា សត្វខ្ទីង ជាប្រភេទសត្វចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ចំពោះសត្វខ្ទីងញីអាចបង្កើតកូនបាន ១ បន្ទាប់ពីពពោះរយៈពេល ៩ ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន។
ដោយឡែកបើយោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនាកន្លងមក ថា ៖ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស”។
ទោះបីយ៉ាងណាក្តី ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងដែរថា សម្រាប់វត្តមាន និងទិន្នន័យរបស់សត្វខ្ទីងនៅកម្ពុជាវិញ គេមិនទាន់មានទិន្នន័យច្បាស់លាស់ថាមានសត្វខ្ទីងចំនួនប៉ុន្មានឡើយ ប៉ុន្តែយោងតាមទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការរាយការណ៍ពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិ សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូង ខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីង និងសត្វខ្ទីងជំទង់ជាច្រើន ដែលនេះបង្ហាញថាសត្វខ្ទីងនៅតែបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកវារស់នៅ។ជាមួយគ្នាចំពោះវត្តមាននៃកូនសត្វខ្ទីងជាច្រើនទាំងនេះ គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះពិភពលោក។



