ពេលនេះបងដាច់ចិត្តទៅចោលអូននិងកូនហើយមែនទេ

C
chhinphin

បងបានគិតខ្លះទេមុននឹងចាកចោលអូនហើយនិងកូន ទោះបងលែងស្រលាញ់អូនក៏ដោយតែបងគួរនឹកដល់អនាគតកូនរបស់យើងផង អូនក៏ចង់ដឹងដែរថាបងទៅចោលគ្រួសារដោយសាររឿងអ្វី បើរាល់ថ្ងៃយើងមិនដែលមានបញ្ហានឹងគ្នាសោះឡើយ ឬបងលួចលាក់មានថ្មីនៅខាងក្រៅទើបចង់ទៅនៅជាមួយគេ ហើយគិតបោះបង់គ្រួសារដែលធ្លាប់តែមានសុភមង្គលដែលយើងបានសាងជាយូរមកហើយ ដោយសារអ្នកថ្មីដែលបងទើបតែស្គាល់មិនបានប៉ុន្មានថ្ងែផងបែជាទៅស្រលាញ់គេ។

បើបងគិតថា បើគេល្អជាងគ្រួសារបងគិតខុសហើយ បងមិនគួឲ្យតម្លៃអ្នកខាងក្រៅខ្ពស់ជាងគ្រួសារដែលធ្លាប់ឆ្លងកាត់រឿងពិបាកជាច្រើនដែលមិនអាចកាត់តម្លៃបាន មនុស្សដែលទើបនិងស្គាល់បងហើយថាស្រលាញ់បង ព្រោះគេសម្លឹងឃើញអ្វីដែលគេចង់បានពីបងដូចជាទ្រព្យសម្បត្តិឬអ្វីផ្សេងទៀតជាដើម បើបងគ្មានទ្រព្យអ្វីគេក៏មិនស្រលាញ់បងដែរ បើចង់ទៅចោលអូនហើយបងសាកគិតមើលថា បើបងមានរឿងអ្វីមួយកើតឡើងចំពោះរូបបងដែលមានអ្នកណាមកឲ្យកម្លាំងចិត្តមើលថែក្រៅពីគ្រួសារដែរឬទេ គឺមានតែប្រពន្ធនិងកូនហើយដែលជាអ្នកចាំឲ្យកម្លាំងចិត្តដល់បង។

អូនបាននិយាយរំលឹកបងអស់ហើយ បើបងនៅតែចង់ទៅអូនក៏មិនហាមឃាត់ទៀតដែរមកពីបងគិតថាគ្រួសារវាគ្មានតម្លៃដូចអ្នកថ្មី តែអូនសូមបញ្ជាក់បងឲ្យហើយ បើបងទៅចោលអូនហើយថ្ងៃណាមួយបងមានបញ្ហាជាមួយគេ ហើយគិតចង់មកត្រូវជាមួយអូនវិញ គឺអូនមិនព្រមទទួលយកបងវិញឡើយព្រោះនេះជាគំនិតខ្លួនឯងដែលចង់ចាកចោលអូនទៅ។ ដូចពាក្យចាស់ពោលថា៖ចានដែលបែកហើយទោះយកមកបិតភ្ជាប់ឡើងវិញ ក៏មិនដូចដើមដែរគឺវានៅស្នាមដាមភ្ជាប់ជានិច្ច។

អត្ថបទដោយ៖ឈិន ភិន

Comments