សេចក្ដីស្នេហាគ្មានអ្នកណាអាចបង្ខំបានឡើយ បើចិត្តគេមិនស្រលាញ់យើងទៅហើយទោះបីបង្គាប់បញ្ជាប្រើអាជ្ញាសឹកយ៉ាងណាក៏នៅតែមិនអាចស្រលាញ់យើងដដែល តែបើចិត្តគេស្រលាញ់ហើយទោះបីឮតែសំឡេងមិនទាន់បានឃើញរូបក៏មានចិត្តស្រលាញ់យើងដែរ ពេលខ្លះមកពីគេគិតថាយើងគ្មានសមត្ថភាពក្នុងការមើលថែរក្សាក្ដីស្រលាញ់ដែលគេមានចំពោះយើង ស្នេហាជាជម្រើសបើគេព្រមទទួលយកយើងហើយមានន័យថាយើងជាជម្រើសដែលគេជ្រើសយកតែបើគេមិនព្រមទទួលយកយើងមានន័យថាជម្រើសរបស់គេគឺមិនមែនជាយើងឡើយ ទោះបីយើងនៅបន្ដទៀតក៏មិនប្រាកដថាយើងជាជម្រើសរបស់គេដែរព្រោះថាគេមានជម្រើសរួចទៅហើយ
ខ្ញុំដឹងថាខ្ញុំមិនមែនជាមនុស្សដែលគេជ្រើសយកហើយក៏ដឹងច្បាស់ណាស់ដែរថាគេមិនស្រលាញ់ខ្ញុំ ប៉ុន្តែការដែលខ្ញុំនៅស្រលាញ់គេព្រោះខ្ញុំមិនអាចកាត់ចិត្តពីគេបានភ្លាមៗឡើយ ពេលដែលស្រលាញ់អ្នកខ្ញុំមិនបានគិតដល់ថ្ងៃបែកមកដល់ហេតុអ្វីអ្នកមិនគិតដល់ថ្ងៃដែលធ្លាប់ស្រលាញ់? ជាមនុស្សប្រុសត្រូវមានចិត្តអធ្យាស្រ័យខ្ពស់ចំពោះរឿងស្នេហា បើចិត្តក្លាយជាគំនុំហើយអ្នកនឹងអស់តម្លៃគ្រប់យ៉ាងបើគេអស់ចិត្តពីយើងទៅហើយត្រូវដោះលែងគេកុំប្រឹងខំរកវិធីទាញយកគេមកវិញ អ្នករឹតតែប្រឹងអ្នករឹតតែឈឺចាប់កុំធ្វើឲ្យគេយល់ថាគេមិនអាចរស់នៅដើម្បីតែខ្លួនគេហើយមករស់នៅដើម្បីយើងឡើយ ស្នេហាដែលមានតម្លៃពិតវាជាសេរីភាពនៃចិត្តផ្ដល់ឲ្យគ្នាពិតមិនលាយនឹងសម្ពាធសូម្បីតែបន្តិចឡើយចិត្តឈឺចាប់ចំពោះការបែកបាក់វាជារឿងធម្មតាបើមិនឈឺចាប់ទើបចម្លែកតែទោះយ៉ាងណាយើងត្រូវដឹងពេលវេលាវាមិនអាចធ្វើឲ្យយើងភ្លេចនរណាម្នាក់បានទេ តែប្រាកដណាស់ពេលវេលានឹងបង្រៀនយើងឲ្យរស់បានដោយគ្មានគេ។
ខ្ញុំស៊ូដើរចេញទាំងដឹងខ្លួនឯងថាខ្ញុំនៅស្រលាញ់គេខ្លាំង ការចាកចេញរបស់ខ្ញុំមិនប្រាកដថាសប្បាយចិត្តឬមានក្ដីសុខឡើយការចាកចេញខ្លះវាជាការបង្ខំចិត្តព្រោះតែគ្មានជម្រើសមិនអាចនឹងនៅបន្តមានតែការចាកចេញប៉ុណ្ណោះ សុខចិត្តធ្វើឲ្យខ្លួនឯងឈឺចាប់ហើយសុខចិត្តស្ពាយកំហុសដើរចេញទាំងទឹកភ្នែកដើម្បីសេចក្ដីសុខរបស់មនុស្សស្រីដែលខ្លួនស្រលាញ់។
អត្ថបទដោយ: ឈិន ភិន



