តើកបិលមហាព្រហ្មតំណាងអោយអ្វី.?

C
chhinphin
១- ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់?
២-ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី?

កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថា (នាងនាគ) សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុ ដែលទេវតានៅស្រុកខ្មែរ សុទ្ធតែស្រី គ្មានប្រុស ឬ កូនកបិលមហាព្រហ្ម មានសុទ្ធតែស្រី។

៧នាក់ តំណាង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះ ចុះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្មដែលជាបិតា។ ឧ.ប្រសិនបើឆ្នាំនេះ ចំថ្ងៃអាទិត្យ កូនស្រីថ្ងៃអាទិត្យមក ប្រសិនបើឆ្នាំក្រោយចំថ្ងៃចន្ទ កូនស្រីថ្ងៃចន្ទមក ហើយប្រសិនបើឆ្នាំទី៣ ចំថ្ងៃចន្ទ គឺកូនស្រីថ្ងៃចន្ទមកម្ដងទៀត មិនមែនមកម្ដងម្នាក់នោះទេ ព្រោះកូនស្រីមិនមែនជាទេវតា មិនមែនជាមនុស្ស គឺតំណាងអោយថ្ងៃទាំង៧នៃសប្តាហ៍តែប៉ុណ្ណោះ។

ព្រះសិរកបិលមហាព្រហ្ម តំណាងអោយព្រហ្មវិហារធម៌របស់មនុស្ស រួមមាន 
-មេត្តា 
-ករុណា 
-មុទិតា 
-ឧបេក្ខា។

មាតាបិតាមានមុខ៤ ជាព្រហ្មនៃកូន ជាអ្នកដឹកនាំកូន
មន្រ្ដីរាជការមានមុខ៨ (៤លើ៤) ជាព្រហ្មនៃពលរដ្ឋ និង ព្រហ្ម នៃកូនខ្លួនឯង ជាអ្នកដឹកនាំពលរដ្ឋ និង ដឹកនាំកូនខ្លួនឯង។

ព្រះពុទ្ធមានមុខ១២ (៤ត្រួតគ្នា៣ដង) ជាព្រហ្មនៃសត្វលោក ជាព្រហ្មនៃពលរដ្ឋ ជាព្រហ្មនៃបុត្រាបុត្រី។

ហេតុអ្វីពេលក្រវែង ព្រះសិរ កបិលមហាព្រហ្ម ដល់ដីឆេះដី ដល់សមុទ្ររីងសមុទ្រ ដល់អាកាស ឆេះអាកាស? 
ន័យនេះ ប្រដូចទៅនឹងបុគ្គល ប្រសិនបើបោះបង់ព្រហ្មវិហារធម៌ ក្នុងខ្លួនចោលហើយ គឺអាចបង្កអោយលោកវិនាសបាន។
មាតា បិតា បោះព្រហ្មចោល (លក់កូន រំលោភកូន)
មន្រ្ដីរាជការ បោះព្រហ្មចោល (ធ្វើបាបរាស្រ្ដ កេងទ្រព្យសម្បត្តិជាតិ)

ធម្មបាលកុមារ ស្ដាប់សត្វឥន្រ្ទីនិយាយគ្នា ដឹងថា សិរី៣ប្រការ៖ 
- សិរីទី ១ ពេលព្រឹក នៅត្រង់មុខ 
- សិរីទី ២ ពេលថ្ងៃ នៅដើមទ្រូង 
- សិរីទី ៣ ពេលយប់ នៅចុងជើង។
ធម្មបាលកុមារ ជាកុមារ ដែលមានចំណេះបញ្ញា ខាងផ្លូវធម៌យ៉ាងជ្រាលជ្រៅ អក្សរសិល្ប៍បង្កប់ន័យថា ស្ដាប់សត្វឥន្រ្ទីដោះប្រស្នា តែន័យពិតគឺ ធម្មបាលកុមារ
ប្រើឥន្រ្ទិយទាំង ៥ ក្នុងពោធិបក្ខេយធម៌ទាំង ៣៧ ដើម្បីដោះប្រស្នាធម៌ របស់កបិលមហាព្រហ្ម។
ឥន្រ្ទិយទាំង៥រួមមាន:
ទី១ សទ្ធិន្រ្ទិយ សទ្ធាជាធំ
ទី២ វិរិយិន្រ្ទិយ វិរិយៈជាធំ (សេចក្ដីព្យាយាម)
ទី៣ សតិន្រ្ទិយ សតិជាធំ
ទី៤ សមាធិន្រ្ទិយ សមាធិជាធំ
ទី៥ បញ្ញិន្រ្ទិយ បញ្ញាជាធំ

សិរីទី ១ នៅមុខ មានមាត់ជាធំ គឺ វចីសុចរិត
សិរីទី ២ នៅទ្រូង មានចិត្តជាធំ គឺ មនោសុចរិក
សិរីទី ៣ នៅជើង មានកាយជាធំ គឺ កាយសុចរិត
បុគ្គលណាប្រព្រឹត្តល្អទាំងកាយវាចាចិត្ត នោះនឹងទទួលបានសិរីសួស្ដីសុភមង្គលពេញមួយថ្ងៃ និង រាល់ៗថ្ងៃ ពុំមែនគ្រាន់តែយកទឹកលុបលាងមុខទ្រូងជើងមានសិរីសួស្ដីនោះឡើយ។

Comments