មានស្នេហាទើបដឹងថា ខ្លួនឯងចេះឈឺចាប់

C
chhinphin
ពាក្យថាស្នេហា៖ ជាពាក្យស្រួលនិយាយ នឹងស្រួលស្ដាប់ ហើយក៏ស្រួលក្នុងការបង្កើតសេចក្ដីស្រលាញ់ ឬចំណងស្នេហាមិត្តភាពនឹងគ្នាដែរ ប៉ុន្តែអ្នកត្រូវចាំទុកថា ស្នេហាធ្វើឲ្យអ្នកសប្បាយ ឬសើច តែវាក៏ធ្វើឲ្យអ្នកខូចចិត្ត ឬយំឈឺចាប់បានដែរ ដរាបណាអ្នកមិនយល់ពីតម្លៃស្នេហា ហើយបើអ្នកទើបតែមានស្នេហា សូមកុំសន្យារឿងអ្វីមួយនឹងគ្នាជាមុន ព្រោះថ្ងៃមុខ ឬថ្ងៃក្រោយចិត្តគេ ចិត្តអ្នកអាចនឹងប្រែប្រួលទៅតាមកាលៈទេសៈបានដូចគ្នា។ដូច្នេះហើយខ្ញុំសូមលើកជា ឧទាហរណ៍ពីបុរសម្នាក់ដែលគាត់មានការឈឺចាប់ក្នុងរឿងស្នេហា នៅខាងក្រោមនេះផងដែរ។

ជីវិត៖កាលនៅវ័យសិក្សាឪពុកម្ដាយតែងតែនិយាយរំលឹកប្រាប់ថា កូនកុំទាន់មានស្នេហា ឬសង្សារ ដោយសារកូននៅវ័យសិក្សាត្រូវខំប្រឹងរៀនសូត្រ គាត់បានស្ដាប់ តែគាត់មិនបានធ្វើតាមសម្ដីដែលឪពុកម្ដាយប្រាប់នោះទេ ដោយសារមិត្តភក្កិរៀនជាមួយគ្នា គេម្នាក់ៗសុទ្ធតែមានស្នេហា ឬសង្សារគ្រប់ៗគ្នា តែបែរជាគាត់អត់មាននឹងគេ គាត់ខ្លាចខ្មាសមិត្តភក្កិ ឬមិត្តភក្កិមកបង្អាប់ខ្លួនថា ឯងគ្មានសង្សារនឹងគេ ទើបមានថ្ងៃមួយគាត់ក៏បានសុំរាប់អានជាមួយនារីម្នាក់ដែលរៀននៅជាប់បន្ទប់គ្នា ហើយគាត់បានចាប់ផ្ដើមស្រលាញ់នាងតាំងពីពេលនោះមក ក្ដីស្រលាញ់គ្រាដំបូងរបស់គាត់នឹងនារីនោះ ផ្អែមដូចទឹកឃ្មុំ យ៉ាងស្អិតរមួត ទៅណាមកណាតែងតែទៅជាមួយគ្នាមិនដែលចោលគ្នាម្ដងណាឡើយ ព្រោះតែក្ដីស្រលាញ់គ្នាខ្លាំងទៅៗ គាត់ក៏បានបោះបង់ការសិក្សាចោល ហើយគាត់នឹងនារីនោះក៏បានសន្យាថា យើងទាំងពីរនាក់នឹងរៀបការជាមួយគ្នា នឹងបង្កើតគ្រួសារមួយយ៉ាងមានភាពកក់ក្ដៅ ប៉ុន្តែទីបំផុតពាក្យសន្យាថា នឹងរៀបការជាមួយគ្នានោះ ក៏អស់ន័យសម្រាប់គាត់ទៀតដែរ ដោយសារនាងលួចមានចំណងស្នេហ៍ជាមួយអ្នកផ្សេង ដោយបិតបាំងគាត់មិនឲ្យដឹងឡើយ តែរឿងអ្វីៗក៏ដោយមិនអាចបិតបាំងបានមួយជីវិតនោះទេ។

មានថ្ងៃមួយគាត់ក៏បានបបួលនាងទៅមើលកុន ដើម្បីសម្រេចចិត្តរឿងរៀបការនឹងគ្នា ពេលដែលគាត់ទៅទទួលនាង គាត់ក៏បានឃើញបុរសម្នាក់ដែលនៅជិតនាង ហើយមានភាពស្និតស្នាលជាមួយគ្នាទៀត គាត់ក៏ចំលែកចិត្ត ហើយបានសួរទៅនាងថា តើបុរសម្នាក់ដែលជិតដិតជាមួយអូនគេជាអ្នកណា.? នាងក៏បានតបថា គេជាមិត្តភក្កិអូនតាំងតែនៅរៀន អូនបានបបួលគេមកមើលកុនជាមួយគ្នាដែរ ឮបែបនេះហើយគាត់ក៏លែងសួរនាំអ្វីទៀតដែរ ក៏បាននាំគ្នាមកមើលកុនតែម្ដងទៅ ស្រាប់តែមកដល់រោងកុននាងបានទៅអង្គុយកៅអីនៅភ្ជាប់គ្នាជាមួយគេទៅវិញ ដោយមិនខ្វល់ពីគាត់ត្រូវជាសង្សារនឹងគ្នានោះទេ គាត់មើលយូរៗទៅឃើញពួកគេដូចជាស្និតស្នាលខុសពីធម្មត្តា គាត់ឆ្ងល់ហើយឆ្ងល់ទៀត ទើបគាត់សម្រេចចិត្តលេងសួររឿងរៀបការ បែរជាសួរនាងថា ហេតុអ្វីបានជាអូនស្និតស្នាលជាមួយគេម៉្លេះ ឬមួយអូនមានទំនាក់ទំទងអ្វីផ្សេងទៀតមែនទេ? ពេលនោះនាងក៏លែងលាក់បាំងទៀតដែរ ហើយក៏ព្រមនិយាយការពិត ដោយប្រាប់ថា គេមិនមែនជាមិត្តភក្កិអូនទេ តែគេត្រូវជាសង្សារអូនហើយក៏ជិតរៀបការជាមួយគ្នាដែរ គាត់ឮបែបនេះហើយក៏ថា ចុះចំណែកបងវិញដែលខំស្រលាញ់អូនយូរមកហើយ ដោយគ្មានដែលមានបញ្ហានឹងគ្នាឡើយ តើមានហេតុផលអ្វីទើបធ្វើឲ្យអូនស្រលាញ់គេ? នាងក៏បានឆ្លើយតបថា មកពីគេបានបញ្ចប់ការសិក្សាហើយមានការងារល្អៗធ្វើអាចរកស៊ីចិញ្ចឹមគ្រួសារបាន តែចំណែកបងវិញ បងគ្មានការសិក្សាបានខ្ពស់ដូចគេហើយក៏គ្មានការងារល្អៗដូចគេដែរ ទើបអូនសម្រេចចិត្តជ្រើសយកគេ គាត់ក៏បានតបទៅវិញថា ព្រោះតែអូនទើបបងលះបង់ការសិក្សាចោល ហើយពេលនេះបែរជាអូនថាបងគ្មានការសិក្សាដូចគេទៅវិញ ចុះពីមុនអូនមកស្រលាញ់បងធ្វើអ្វី នាងបានតបយ៉ាងខ្លីថា ពីមុនចិត្តផ្សេង ឥលូវចិត្តផ្សេងគឺវាខុសគ្នា ពេលឮនាងឆ្លើយប្រាប់យ៉ាងខ្លីបែបនេះហើយ គាត់ក៏ឈប់សួរនាំទៀតទៅ ដោយគិតថា ជីវិតជារបស់គេ គេមានសិទ្ធជ្រើសអ្វីដែលល្អសម្រាប់ខ្លួនគេ ទើបគាត់ព្រមចាកចេញទាំងឈឺចាប់បំផុតក្នុងជីវិតរបស់គាត់ នេះហើយមានស្នេហាទើបដឹងថា ខ្លួនចេះឈឺចាប់។

សូមប្អូនៗដែលនៅសិក្សា កុំស្រវារឿងស្នេហាខ្លាំងពេក ស្នេហាអាចរត់ចោលអ្នកបាន តែការសិក្សាមិនដែលរត់ចោលអ្នកទេ មានតែអ្នកប៉ុណ្ណោះដែលចោលការសិក្សា។

អត្ថបទដោយ: Chhin Phin

Comments