កុំហត់ខ្លួនឯងហើយចង់បិទមាត់អ្នកដទៃ

C
chhinphin

កុំផ្ញើពាក្យក្នុងចិត្តយើងនៅលើបបូរមាត់របស់អ្នកដទៃ ក្រែងគ្រោះភ័យកើតដល់ខ្លួនទៅថ្ងៃមុខ ព្រោះបើយើងរក្សាពាក្យក្នុងចិត្តយើងមិនបានផង តើទៅសង្ឃឹមលើមាត់អ្នកដទៃធ្វើអី? មានរឿងអ្វីក៏ដោយកុំចេះតែនិយាយចេញមកក្រៅច្រើនពេក មុនពេលនិយាយអ្វីក៏ដោយគប្បីមើលកាលមើលវេលា រឹតតែត្រូវមើលមនុស្សដែលយើងចង់និយាយប្រាប់គេនោះផង មានរឿងខ្លះបើវាមិនគួរសមនឹងនិយាយប្រាប់គេឱ្យបានដឹងទេ យើងគួរតែរក្សាវាទុកនៅក្នុងចិត្តយើងវិញទៅល្អជាង មនុស្សយើងទោះបីជាល្អនឹងគ្នាយ៉ាងណាក៏ដោយក៏មានរឿងខ្លះ ដែលយើងត្រូវរក្សាទុកតែក្នុងចិត្តខ្លួនឯងដោយមិនអាចនិយាយប្រាប់គេទាំងអស់ទេ រក្សាពាក្យសម្ដីឱ្យមានក្នុងមានក្រៅ នោះក៏ដូចជាផ្ទះដែលមានរបងព័ទ្ធជុំវិញមានទ្វាររបងមាំទាំ មានទ្វារផ្ទះរឹងមាំជាប់ល្អ ហើយនៅក្នុងផ្ទះមានបន្ទប់ នៅខាងក្នុងបន្ទប់ក៏មានទូតូចធំជាដើម យើងមិនមែនចេះតែនិយាយប្រាប់គេគ្មានសល់អ្វីនោះទេ ព្រោះវាមិនទៀងថាគេនឹងរក្សាការណ៍សម្ងាត់នោះឱ្យយើងរហូតឡើយ។ 

មនុស្សយើងរក្សាតែមាត់ខ្លួនឯងមិនជិតផង តើចង់ទៅរក្សាមាត់នរណាឱ្យជិតនោះ? យើងទប់ពាក្យក្នុងចិត្តយើងមិនជាប់ផង តើនរណាគេនឹងទប់ពាក្យចេញពីមាត់គេជំនួសយើងបាន? បើថ្ងៃនេះគេនៅជាមិត្តជិតស្និទ្ធយើង គេក៏អាចស្មោះត្រង់យើងខ្លះៗតែវាមិនទៀងថារំលងដល់ថ្ងៃស្អែកខានស្អែក សប្ដាហ៍ក្រោយខែក្រោយឆ្នាំក្រោយ ឬប៉ុន្មានឆ្នាំខាងមុខទៀតគេនៅតែជាមិត្តល្អរបស់យើងនោះទេ មនុស្សយើងពេលខ្លះក៏ពិបាកដែរ នៅពេលដែលលែងរាប់អានគ្នាដូចមុន ក៏លើករឿងដែលមិនល្អនិយាយបែកអូរហូរស្ទឹង ពេលខ្លះគេយករឿងខ្លីទៅបន្ថែមគ្រឿង ហើយនិយាយបូរបាច់ប្រាប់អ្នកឯទៀតហូរហែរ រហូតធ្វើឱ្យអ្នកដែលមិនដឹងរឿងហេតុអ្វីសោះនោះ ស្ដាប់ឡើងត្រង់ត្រចៀកជក់ចិត្តជក់អារម្មណ៍ផងក៏មានដែរ។ 

បើរឿងវាដល់នោះទៅហើយ ទោះបីជាយើងចង់ស្ដីបន្ទោសគេក៏វាមិនកើតដែរ ព្រោះវាគឺជាកំហុសយើងខ្លួនឯងដែលទម្លាយពាក្យសម្ងាត់ក្នុងចិត្តទៅប្រាប់គេ មនុស្សយើងម្នាក់ៗ មានរឿងដែលកប់ទុកនៅក្នុងចិត្តដោយមិនងាយនឹងនិយាយប្រាប់ដល់នរណាបានដឹងផ្ដេសផ្ដាសទេ ដូច្នេះមុនពេលយើងចង់និយាយអ្វីក៏ដោយ ជាពិសេសគឺការណ៍សម្ងាត់នានាក្នុងចិត្ត គប្បីត្រូវគិតគូរជាមុនសិន ព្រោះកុំឱ្យពេលដែលនិយាយចេញមកហើយ ត្រូវខកចិត្តស្ដាយក្រោយដែលនិយាយប្រាប់ចំមនុស្សខុស ទប់ចិត្តយើងឱ្យជាប់ងាយជាងបិទមាត់អ្នកដទៃ រក្សាមាត់ខ្លួនឯងឱ្យជិតងាយជាងប្រាប់ឱ្យគេសន្យារក្សាពាក្យដែលយើងប្រាប់គេទាំងប៉ុន្មាន។

អត្ថបទដកស្រង់ចេញពីសៀវភៅ៖វិញ្ញាសាជីវិត

កែសម្រួលដោយ៖ ឈិន ភិន

Comments