សំនេរ. ឡាននៃសេចក្ដីស្លាប់

C
chhinphin
 ឡាននៃសេចក្ដីស្លាប់"÷រឿងសំខាន់របស់វិញ្ញាណពេលបានកើតជាមនុស្សនេះ អ្នកគិតទៅ តើរឿងសំខាន់បំផុត សំរាប់ជីវិតគឺអ្វី? រឿងរកលុយ? ចុះបើមានលុយច្រើនហើយ អ្នកសុីប៉ុន្មានទៅ? សុីយ៉ាងណា អស់ត្រឹមមួយឆ្អែតហ្នឹង មែនឬមិនមែន? រឿងហុឺហាដើរទិញរបស់បានសប្បាយតាមចិត្តចង់បាន? ចុះបើខ្ញុំសប្បាយនឹងដាំដំណាំ ថែដំណាំ មើលដំណាំចេញផ្លែផ្កាល្អ បានផលដំណាំហូបគឺខ្ញុំសប្បាយ ខ្ញុំសុខក្នុងផ្លូវអារម្មណ៍ដែរហ្នឹង មានចាំបាច់មានហ៊ឺហាទើបសប្បាយឯណា? ចុះពេលស្អែកកន្លងទៅ ក្ដីសប្បាយមួយថ្ងៃរបស់អ្នកបានកន្លងផុតទៅ មួយថ្ងៃកន្លងផុតទៅនោះ តើក្ដីសប្បាយរបស់អ្នកបានបន្សល់ទុកអ្វី? គឺទទេ គិតទៅមើលអញ្ចឹង ឬមិនអញ្ចឹង? ថាខ្ញុំទទេដែរទៅចុះ យើងទទេដូចគ្នាទេតើ មានអ្នកណាគ្រាន់បើជាងអ្នកណា បើសល់ទទេដូចតែគ្នាហ្នឹង ខ្ញុំដូចជារកនឹកអ្វីមិនឃើញថាមានអ្វីជារឿងសំខាន់ក្នុងជីវិតទេ ខ្ញុំចេះតែមានអារម្មណ៍ថាសេចក្ដីស្លាប់កំពុងតែរងចាំរូបខ្ញុំ និងអ្នក ឡាននៃសេចក្ដីស្លាប់កំពុងតែស៊ីភ្លេមកកាន់អ្នក និងខ្ញុំហើយ សូមប្រញាប់ឡើងៗ! ឡានស្លាប់កំពុងរងចាំអ្នក តើអ្នករៀបចំខ្លួនហើយឬនៅ? បើអ្នកកំពុងតែរៀបចំខ្លួន ហើយឡាននៃសេចក្ដីស្លាប់កំពុងតែស៊ីភ្លេរកអ្នកហើយ គិតទៅមើល តើអ្នកគួររៀបចំអ្វីដើម្បីយកទៅតាមខ្លួន? ឆ្លងកាត់វាលវដ្ដសង្សារមានតែវិញ្ញាណមានបញ្ញាទេដែលជាប្រទីបនាំផ្លូវវិញ្ញាណ មិនអោយវិញ្ញាណបុកទង្គិច មានគ្រោះថ្នាក់នៅតាមផ្លូវនៃវាលវដ្ដសង្សារនេះ។ ខ្ញុំមានអារម្មណ៍ថាសម្រាប់ការរស់នៅដើម្បីរងចាំឡាននៃសេចក្ដីស្លាប់មកដល់ គឺមានសម្រាប់តែមួយរស់បាន គឺគ្រប់គ្រាន់ហើយសម្រាប់ជីវិត។ គិតមើលដោយស្មោះត្រង់ទៅ អញ្ចឹង ឬមិនមែនអញ្ចឹង? អ្វីៗដែលវិញ្ញាណមនុស្សទូទៅចង់បាន ហើយចាត់ទុកជាជោគជ័យរបស់ជីវិត គឺលុយ ឡាន វីឡា ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ មុខមាត់។ ល។ គិតទៅមើល ពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃដែលកន្លងផុតទៅ គឺសល់តែទទេ ហើយបើវិញ្ញាណយើងមិនចង់បាននូវអ្វីទាំងអស់នេះ វាគ្មានអីជាសារៈសំខាន់ដើម្បីការរស់នៅរបស់ជីវិតទេ អត់មានគ្រឿងបំពុលទាំងអស់នេះក៏ជីវិតអាចរស់រងចាំឡាននៃសេចក្ដីស្លាប់មកទទួលយើងបានដែរ។ ម៉េចក៏វិញ្ញាណមនុស្សដ៏ច្រើនទៅជាមានអារម្មណ៍ថា ជីវិតរស់គ្មានគ្រឿងបំពុលទាំងអស់នេះ ជាជីវិតមិនជោគជ័យទៅវិញ? ហើយគ្រឿងបំពុលទាំងអស់នេះ ពេលជីវិតមនុស្សស្លាប់ទៅ យកទៅតាមខ្លួនអត់បានទៀតផង។ ម៉េចក៏វិញ្ញាណមនុស្សដែលពុលទៅជាមានអារម្មណ៍ថា ក្នុងជីវិតរស់នៅរបស់ពួកគេ គ្រឿងបំពុលទាំងអស់នេះជាគ្រឿងសម្រាប់បង្ហាញថាជីវិតជោគជ័យទៅវិញ? អ្នកខ្លះមានអារម្មណ៍ថាស្លាប់ទៅសល់តែកេរ្តិ៍ឈ្មោះល្អនេះហើយ ឱ!លោកអើយ កេរ្តិ៍ឈ្មោះល្អ គ្មានអ្នកណាល្អជាងព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទេ ចុះកេរ្តិ៍នៃព្រះពុទ្ធបីព្រះអង្គនៃផែនដីនេះ អ្នកណាចងចាំខ្លះទៅ? ចុះទម្រាំព្រះពុទ្ធនៃផែនដីមុនៗទៅ តើកេរ្តិ៍ឈ្មោះរបស់ព្រះអង្គបានបន្សល់ទុកយ៉ាងម៉េចទៅ? ឥលូវយើងកំពុងតែស្គាល់កេរ្តិ៍ឈ្មោះនៃព្រះពុទ្ធព្រះនាមសមណគោតម ចាំមើលតែដល់ពេលព្រះពុទ្ធបន្ទាប់ព្រះនាមសិអារ្យមេត្រីមកដល់ តើកេរ្តិ៍ឈ្មោះនៃព្រះពុទ្ធព្រះនាមសមណគោតមទៅឯណាបាត់ទៅវិញ? យី!ឡប់អីក៏ឡប់យ៉ាងនេះ! វិញ្ញាណនេះឡប់អត់ល្មមមែន! វិញ្ញាណអើយ! វិញ្ញាណឯងដឹងខុសហើយ រឿងមិនចាំបាច់សោះ វិញ្ញាណឯងដឹងជាអារម្មណ៍ថាចាំបាច់ទៅវិញ នេះដែលគេហៅថាដឹងសុខថាជាទុក្ខដឹងទុក្ខថាជាសុខ ដឹងរបស់មិនសំខាន់ថាជារបស់សំខាន់ ដឹងរឿងមិនចាំបាច់ថាជារឿងចាំបាច់ ឯបញ្ញារបស់ខ្សែវិញ្ញាណដែលព្រះពុទ្ធប្រាប់ថាគ្មានអ្វីសំខាន់ស្មើទេនោះ ទៅជាដឹងថាមិនមានសារៈសំខាន់អ្វីទៅវិញ ដឹងត្រឡប់ត្រឡិន បាយបិណ្ឌ មានអារម្មណ៍ដឹងថាជាបាយបាត្រនោះមែនហើយ។ មួយថ្ងៃៗកន្លងផុតទៅ អ្វីដែលខ្លួនសប្បាយទាំងអស់គឺសល់ទទេសូន្យ អ្វីដែលខ្លួនមានអារម្មណ៍ថាចាំបាច់សម្រាប់ជីវិត ប៉ុន្តែជាគ្រឿងមិនចាំបាច់សម្រាប់ជីវិតសោះ គ្មានគ្រឿងទាំងអស់នោះ ក៏ជីវិតអាចរស់បានដែរ សំខាន់គឺវិញ្ញាណយើងឃើញទោសនៃការជាប់ជំពាក់ វង្វេងវង្វាន់របស់វិញ្ញាណចំពោះគ្រឿងមិនចាំបាច់ចំពោះជីវិតទាំងនោះទេតើ។ បើវិញ្ញាណយើងគិតដឹងហើយ យើងឈ្នះតណ្ហា យើងអត់ចង់បាន ដូច្នេះ វាមានទៅជារឿងអីសំខាន់សម្រាប់វិញ្ញាណដែលមិនពុលរបស់យើងទៅ? មានតែបច្ច័យបួនគឺគ្រប់គ្រាន់សម្រាប់រស់ហើយ ស្ដាប់ការពន្យល់ធម៌ ជជែកគ្នាអំពីធម៌ ធ្វើអោយវិញ្ញាណរបស់យើងយល់អំពីដំណើរធម្មជាតិ វិញ្ញាណយើងមានបញ្ញាសម្រាប់ដំណើរដ៏សុខសាន្ដរបស់វិញ្ញាណឆ្លងកាត់វាលវដ្ដសង្សារឯណោះទេដែលសំខាន់។ គ្រឿងទ្រទ្រង់ជីវិតដើម្បីអោយរស់ គឺបច្ច័យបួនគ្រប់គ្រាន់ហើយ យល់ធម៌ វិញ្ញាណមានបញ្ញាដិតជាប់លើខ្សែវិញ្ញាណសម្រាប់ជាភ្នែកសម្រាប់វិញ្ញាណធ្វើដំណើរឆ្លងកាត់វាលវដ្ដសង្សារដោយសុខសាន្ដ។ នេះទើបសំខាន់មែន! គិតទៅមើល អញ្ចឹង ឬមិនអញ្ចឹង? វិញ្ញាណដែលកំពុងតែប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីអ្វីដែលពេលកន្លងទៅមួយថ្ងៃ មួយខែ មួយឆ្នាំ កន្លងទៅប៉ុន្មាន ទទេប៉ុណ្ណឹង ស្លាប់ទៅយកទៅមិនបាន ការរស់បានគឺមានតែបច្ច័យបួនគឺគ្រប់គ្រាន់ហើយ តែពួកគេកំពុងតែវក់វីសប្បាយភ្លើតភ្លើន វង្វេងវង្វាន់នឹងគ្រឿងបំពុលទាំងអស់នោះទៅវិញ។ ពេលឡាននៃសេចក្ដីបានមកដល់ ចង់ មិនចង់ត្រូវតែទៅ ហើយទៅទាំងគ្មានយកអ្វីទៅតាមវិញ្ញាណ គឺទទេស្អាត ពូនិយាយលេងថា ទៅទាំងក្ដិតខោទទេ បោសតែគូទខោ ហើយទៅតែម្ដង ទទេស្អាតនេះមិនមែនទទេស្អាតត្រឹមតែគូទខោទេ គឺទទេស្អាតយ៉ាងម៉េចទៅហ្ន៎? គឺវិញ្ញាណទទេលូញ ងងឹតអោយឈឹង ហើយចេញដំណើរឆ្លងកាត់វាលវដ្ដសង្សារនឹងគេដែរ គិតទៅមើលគួរអោយសង្វេគទេក្មួយ?

Comments