ស្លាប់មនុស្ស ២២នាក់ ក្នុងហេតុការណ៍ផ្ទុះនៅសណ្ឋាគារផ្កាយ៥  

C
chhinphin
ហាវ៉ាន់ណា៖ មានករណីផ្ទុះដ៏ខ្លាំងមួយក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងក្នុងក្រុង ហាវ៉ាន់ណា ប្រទេសគុយបា កាលពីថ្ងៃទី៦ ឧសភា បណ្តាលឲ្យស្លាប់មនុស្ស ២២នាក់ និងរបួសមនុស្សច្រើនជាង ៥០នាក់។

មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ហេតុការណ៍នេះត្រូវបានសង្ស័យថា បណ្តាលមកពីការលិចហ្គាស់ ក្នុងទីតាំងណាមួយនៃសណ្ឋាគារ Saratoga ដែលត្រូវបានគេស្គាល់ថា ធ្លាប់ទទួលភ្ញៀវល្បីៗ ដូចជា Madonna, Beyonce, Mick Jagger និង Rihanna ជាដើម។ ការផ្ទុះនេះបានបំផ្លាញផ្នែកធំនៃផ្នែកខាងមុខ បំផ្ទុះបង្អួច និងបំផ្លាញរថយន្តដែលចតនៅខាងក្រៅសណ្ឋាគារ។

ក្នុងចំណោមមនុស្សស្លាប់ទាំង ២២នាក់ ក៏មានកុមារម្នាក់ដែរ។ ប្រធានាធិបតី Miguel Diaz-Canel បានទៅពិនិត្យទីតាំងកើតហេតុ និងមន្ទីរពេទ្យដែលជនរងគ្រោះកំពុងសម្រាកព្យាបាល ដោយគ្រូពេទ្យថា មានកុមារអាយុ ២ឆ្នាំម្នាក់ ស្ថិតក្រោមការវះកាត់ លលាដ៍ក្បាលដែលបាក់។

Comments