ភ្នំពេញ៖ ក្រៅពីត្រី និងបង្កង កង្កែបក៏មាននាំចូលមកពីប្រទេសវៀតណាមផងដែរ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារនៅរាជធានីភ្នំពេញ បន្ថែមលើកង្កែបដែលចិញ្ចឹមបានដោយកសិករនៅក្នុងស្រុក។
ការនាំចូលផលិតផលជលផលពីប្រទេសវៀតណាម តាមច្រកបន្ទាយចក្រី និងកោះរកា នៃទឹកដីខេត្តព្រៃវែង ដោយក្រុមហ៊ុនចំនួន ៦ កន្លងទៅនេះ ត្រូវបានក្រុមត្រួតពិនិត្យ ប្រាប់ឱ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ថា មានត្រី បង្កង និង កង្កែប ដែលសរុបក្នុងមួយថ្ងៃ មានបរិមាណជាង ២០តោន។ ផលិតផលជលផលនាំចូលតាមច្រកក្នុងខេត្តព្រៃវែង ឆ្ពោះទៅកាន់គោលដៅក្នុងខេត្តផ្សេងៗ និងរាជធានីភ្នំពេញ ព្រៃវែង គ្រាន់តែជាខេត្តឆ្លងកាត់ប៉ុណ្ណោះ។ ក្រៅពីត្រីជាង ២០តោនក្នុងមួយថ្ងៃ ក៏មានបង្កង ១តោន និងកង្កែប ១តោនជារៀងរាល់ថ្ងៃ ត្រូវបានគេនាំចូលមកពីប្រទេសវៀតណាមផងដែរ។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យដឹងថា ការនាំចូលកង្កែបតាមច្រកក្នុងខេត្តព្រៃវែង មានមិនរាល់ថ្ងៃទេ។ នៅក្នុងខេត្តព្រៃវែងក៏មានកសិករជាច្រើនគ្រួសារបានចិញ្ចឹមកង្កែបបានច្រើនដែរ ដោយវគ្គ១កន្លងទៅថ្មីៗនេះ សរុបបានចំនួនប្រមាណ ២០តោន និងវគ្គ២ ដែលបាននឹងកំពុងចិញ្ចឹមបន្តមួយក្បាលៗមានទម្ងន់ជាងមួយខាំកន្លះ អាចនឹងចាប់លក់បានក្នុងពេលដ៏ខ្លីខាងមុខ។
នាយខណ្ឌរដ្ឋបាលជលផលរូបនេះបន្ថែមថា កង្កែបចិញ្ចឹមបាននៅក្នុងស្រុកសព្វថ្ងៃ មិនខ្វះទីផ្សារទេ ពីមុន យើងជាអ្នករកទីផ្សារឱ្យប្រជាកសិករ តែពេលនេះ កសិករ និងអ្នកប្រមូលទិញ គេមានទំនាក់ទំនងគ្នាផ្ទាល់ យើងចាំតែសម្រួលការដឹកជញ្ជូនប៉ុណ្ណោះ។
ប្រភព: រស្មីកម្ពុជា



