ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ គឺជាជំងឺផ្លូវចិត្តដែលកើតឡើងញឹកញាប់ជាងគេទៅលើបណ្ដារមនុស្សគ្រប់គ្នា។ ជំងឺទាំងពីរនេះគឺជាជំងឺផ្លូវចិត្តដូចគ្នា ប៉ុន្តែមានលក្ខណៈ និងរោគសញ្ញាខុសប្លែកពីគ្នា។ ជំងឺធ្លាក់ទឹកចិត្តធ្វើឱ្យអ្នកមានអារម្មណ៍ចង់សម្លាប់ខ្លួន ចំណែកឯជំងឺថប់បារម្ភធ្វើឱ្យអ្នកខ្លាចសេចក្ដីស្លាប់។
កញ្ញាវេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ឯកទេសវិកលវិទ្យា និងជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តឯករាជ្យ បានបញ្ជាក់ថា ជំងឺធ្លាក់ទឹកចិត្តជាទូទៅអ្នកជំងឺមានអារម្មណ៍មិនសប្បាយចិត្ត មានអារម្មណ៍ទុក្ខសោកស្ទើរតែរាល់ថ្ងៃ ចំណងឬចំណាប់អាម្មណ៍លើអ្វីមួយមានការថយចុះ បាត់បង់សកម្មភាពដែលចូលចិត្តធ្វើពីមុន ស្រក ឬឡើងទម្ងន់ ពិបាកនៅក្នុងការគេង ឬក៏គេងច្រើន។ ទៀតសោត អាប្បកិរិយារាងយឺត ឬឡេះឡះ មានអារម្មណ៍ថាអស់កម្លាំងស្ទើរតែរាល់ថ្ងៃ មានអារម្មណ៍ថាខ្លួនឯង មិនមានតម្លៃ ចាប់ផ្តើមស្ដីបន្ទោសទៅឱ្យខ្លួនឯង និងពិបាកនៅក្នុងសម្រេចចិត្តធ្វើអ្វីមួយ និងមានគំនិតចង់សម្លាប់ខ្លួន។ អ្នកមានរោគសញ្ញាទាំងនេះ គឺចាប់ពី២សប្តាហ៍ទៅ និងមានអាការៈបែបនោះស្ទើរតែរាល់ថ្ងៃ។
វេជ្ជបណ្ឌិតជំនាញខាងផ្នែកផ្លូវចិត្តរូបនេះបន្តថា ចំណែកឯជំងឺថប់បារម្ភជាទូទៅមានរោគសញ្ញាដូចជា មានការថប់អារម្មណ៍ មានការបារម្ភខ្លាំងស្ទើរតែរាល់ថ្ងៃជាទូទៅមានរយៈពេលចាប់ពីប្រាំមួយខែឡើងទៅ។ អ្នកជំងឺមានការបារម្ភច្រើន ប៉ុន្តែមិនអាចគ្រប់គ្រងវាបាននោះទេ។ អ្នកជំងឺមានអារម្មណ៍ឡេះឡះ តឹងសាច់ដុំ និងតឹងកញ្ចឹងក ពិបាកនៅក្នុងការគេង ព្រួយបារម្ភខ្លាំង ញ័រដៃញ័រជើង បែកញើស បេះដូងលោតញាប់ ភ័យខ្លាចជាប្រចាំ មានអារម្មណ៍ដូចកំពុងប្រឈមនឹងគ្រោះថ្នាក់ ពិបាកក្នុងការផ្ដោតស្មារតី និងខ្លាចសេចក្ដីស្លាប់ជាដើម។
កញ្ញាវេជ្ជបណ្ឌិតបន្តថា អ្នកជំងឺមិនអាចបែងចែកឱ្យដាច់ស្រឡះនៃរោគសញ្ញាថាមានជំងឺទាំងពីរចូលគ្នាដោយខ្លួនឯងនោះទេ លុះត្រាតែមានការពិនិត្យពីអ្នកជំនាញពីព្រោះអ្នកមានជំងឺធ្លាក់ទឹកចិត្ត ក៏អាចមានរូបសញ្ញាថប់បារម្ភខ្លះនៅក្នុងនោះ ហើយចំណែកឯអ្នកដែលមានជំងឺថប់បារម្ភក៏អាចមានរោគសញ្ញានៃជំងឺធ្លាក់ចិត្តបន្តិចបន្តួចខ្លះដែរ។
បើតាមការលើកឡើងលោកវេជ្ជបណ្ឌិត យឹម សុបុត្រា វិញ មនុស្សដែលមានជំងឺថប់បារម្ភ ហើយមិនព្រមព្យាបាល គឺវានឹងបម្លែងខ្លួនទៅជាជំងឺធ្លាក់ទឹកចិត្ត ហើយអាចធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិត។ ការព្យាបាលនៃជំងឺនេះមានពីរប្រភេទ គឺការព្យាបាលដោយមិនប្រើថ្នាំ និងការព្យាបាលដោយប្រើថ្នាំ។
ការព្យាបាលដោយមិនប្រើថ្នាំ គឺឱ្យអ្នកជំងឺសម្រាកឱ្យបានគ្រប់គ្រាន់ ប្រើវិធីបន្ធូរអារម្មណ៍ ធ្វើសមាធិ ហាត់ប្រាណ ចំណែកឯការព្យាបាលដោយការប្រើប្រាស់ថ្នាំ គឺត្រូវប្រើថ្នាំប្រឆាំងនឹងជំងឺទាំងពីរនេះ ដោយត្រូវទៅជួបប្រឹក្សាជាមួយអ្នកជំនាញផ្លូវចិត្តជាដើម។
គួរបញ្ជាក់ផងដែរថា ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ក៏ដូចជាជំងឺផ្លូវចិត្តដទៃទៀតដែរ វាតម្រូវឱ្យមនុស្សចេះគ្រប់គ្រងស្ថានភាពជំងឺ ការគាំទ្រដ៏ត្រឹមត្រូវ និងប្រឹងប្រែងជំនះតាមរយៈជំនួយនានា។ បើសិនជានរណាម្នាក់មានជំងឺផ្លូវចិត្តទាំងពីរនេះ ត្រូវផ្ដល់ការគាំទ្រ និងជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវ។



