Tik Tok គឺជាបណ្តាញសង្គមមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកនូវវីដេអូខ្លីៗអមជាមួយនឹងបទចម្រៀងផ្សេងៗក្នុងចន្លោះពេលពី ១៥ ទៅ ១៨០វិនាទី។ នាចុងឆ្នាំ២០១៩ បណ្តាញសង្គមថ្មីមួយនេះ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសយុវវ័យដែលមានចំនួនរហូតទៅដល់ជាង ៨០០លាននាក់ទូទាំងពិភពលោក ហើយចំនួននៃអ្នកប្រើប្រាស់នេះទៀតសោតអាចនឹងកើនទ្បើងរហូតដល់ទៅ ១ពាន់លាននាក់នៅក្នុងឆ្នាំ ២០២១ នេះបើយោងទៅតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុននេះផ្ទាល់។សម្រាប់ប្រទេសកម្ពុជាវិញ ចំនួនអ្នកប្រើប្រាស់ Tik Tok គឺកំពុងតែដេញប្រកៀកប្រកិតគ្នានឹងបណ្តាញសង្គម Facebook ផងដែរដែលមានចំនួនអ្នកប្រើប្រាស់សរុបប្រមាណ៧លាននាក់។
បណ្តាញសង្គមមួយនេះ បានផ្តល់ជូនអ្នកប្រើប្រាស់នូវមាតិកាកម្សាន្តជាប្រភេទវីដេអូខ្លីៗ ដែលគួរឲ្យចាប់អារម្មណ៍និងទាក់ទាញយ៉ាងសម្បូរបែប។ បើនិយាយចំពោះការធ្វើទីផ្សារវិញ Tik Tok គឺជាមធ្យោបាយមួយ ដ៏មានប្រសិទ្ធភាពនៅក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មទៅកាន់អតិថិជន ជាពិសេស ប្រសិនបើម្ចាស់អាជីវកម្មមានគោលដៅយុទ្ធនាការផ្សព្វផ្សាយឲ្យគេស្គាល់ម៉ាកសញ្ញារបស់ខ្លួនឲ្យបានច្រើន (Brand Awareness Campaign)។ នេះក៏ដោយសារតែចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះមានច្រើនលើសលប់ ដែលធ្វើឲ្យឱកាសដែលអតិថិជនបានឃើញ និងស្គាល់អំពីអាជីវកម្មរបស់លោកអ្នកក៏មានច្រើនផងដែរ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថា តើលោកអ្នកអាចផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់របស់អ្នកយ៉ាងណាទើបទទួលបាននូវលទ្ធផលខ្ពស់?
ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដែលអាចជួយឲ្យការធ្វើទីផ្សារលើបណ្តាញសង្គម Tik Tok ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ៖
• ការប្រើប្រាស់ Hashtags ឲ្យបានត្រឹមត្រូវ
មិនសូវជាខុសប្លែកគ្នាពីបណ្តាញសង្គម Instagram ប៉ុន្មានទេ បណ្តាញសង្គម TikTok ក៏ផ្តោតសំខាន់ទៅលើការប្រើប្រាស់ Hashtags ផងដែរ។ បន្ថែមពីនេះ Hashtags ក៏ត្រូវបានប្រើប្រាស់ក្នុងការបែងចែកប្រធានបទនីមួយៗឲ្យដាច់ដោយឡែកពីគ្នា។ ការប្រើប្រាស់ Hashtags ដែលត្រឹមត្រូវ គឺជាកត្តាមួយដ៏សំខាន់ ដែលអាចជួយឲ្យអតិថិជនស្វែងរកម៉ាកយីហោនៃអាជីវកម្មរបស់លោកអ្នកឆាប់ឃើញជាងមុន។ ឧទាហរណ៍ថា លោកអ្នកចង់ទស្សនានូវវីដេអូ ដែលទាក់ទងទៅនឹងម៉ូតសម្លៀកបំពាក់ ដូច្នេះលោកអ្នកក៏ចូលទៅកាន់ កន្លែងស្វែងរក (Discovery) រួចវាយពាក្យថា Fashion។ នៅពេលនោះគ្រប់វីដេអូទាំងឡាយណាដែលបានបង្ហោះដោយភ្ជាប់ជាមួយ Hashtags “#Fashion” នឹងត្រូវបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ ដែលលោកអ្នកកំពុងតែស្វែងរកនោះជាក់ជាពុំខាន។ បើនិយាយអំពីការធ្វើទីផ្សារវិញ Hashtags អាចជួយឲ្យវីដេអូរបស់លោកអ្នកត្រូវបានបង្ហាញចំអតិថិជនគោលដៅ ដែលកំពុងតែស្វែងរកលោកអ្នកតែម្តង។
ជាលទ្ធផល លោកអ្នកនឹងទទួលបាននូវអ្នកគាំទ្រច្រើនជាងមុន ហើយក៏អាចមានអតិថិជនស្គាល់ច្រើនជាងមុនផងដែរ។ ម្យ៉ាងវិញទៀត តាមរយៈការប្រើប្រាស់ Hashtags ដែលដូចគ្នា លោកអ្នកក៏អាចកំណត់បានផងដែរថា តើអ្នកណាខ្លះជាដៃគូប្រកួតប្រជែងរបស់លោកអ្នក? ហើយពួកគេបង្កើតជាវីដេអូបែបណា? មានអ្នកចូលទស្សនាចំនួនប៉ុន្មានអ្នក និងមានអ្នកចូលចិត្តប៉ុន្មានអ្នកជាដើម? ទាំងអស់នេះគឺជាអ្វីដែលលោកអ្នកគួរតែសិក្សាឲ្យបានច្បាស់ពីដៃគូប្រកួតប្រជែងរបស់លោកអ្នក។
• ការសហការជាមួយនឹងអ្នក ដែលមានប្រជាប្រិយភាព (Influencer)
វាមិនមែនជារឿងចៃដន្យទេ ដែលបុគ្គលមួយចំនួនកា្លយទៅជាអ្នកដែលមានឈ្មោះល្បី និងមានអ្នកស្គាល់ ក៏ដូចជាគាំទ្រច្រើននៅលើបណ្តាញសង្គមមួយនេះ។ ជាការពិត ដោយសារតែមាតិកាជាវីដេអូ ដែលពួកគេបង្កើតនោះទទួលបាននូវការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់ Tik Tok ទើបពួកគេអាចទទួលបាននូវប្រជាប្រិយភាពបែបនេះ។ ដូច្នេះ តាមរយៈចំនួននៃអ្នកគាំទ្រដែលពួកគេមាន ឱកាសដែលផលិតផលរបស់លោកអ្នកត្រូវបានបង្ហាញទៅកាន់អតិថិជនគោលដៅរបស់លោកអ្នក ក៏មានច្រើនហើយក៏ទូលំទូលាយផងដែរ។ គួររំលឹកផងដែរថា មុននឹងធ្វើការជ្រើសរើស Influencers លោកអ្នកគួរតែពិចារណានូវបុគ្គលណា ដែលបង្កើតមាតិកាទាក់ទង ឬស្រដៀងទៅនឹងអាជីវកម្មរបស់លោកអ្នកទើបប្រសើរ។
• ការបង្ហោះវីដេអូឲ្យបានទៀងទាត់ និងញឹកញាប់
Tik Tok គឺជាបណ្តាញសង្គមមួយ ដែលផ្តល់នូវតម្លៃទៅលើការបង្ហោះវីដេអូញឹកញាប់ និងទៀងទាត់។ កាលណាលោកអ្នកបង្ហោះវីដេអូកាន់តែច្រើននៅក្នុងគណនីរបស់លោកអ្នក នោះឱកាសដែលវីដេអូរបស់លោកអ្នកត្រូវបានបង្ហាញទៅកាន់អ្នកប្រើប្រាស់ដទៃទៀត ក៏មានកាន់តែច្រើនផងដែរ។ បន្ថែមពីនេះនៅពេលដែលអតិថិជនឧស្សាហ៍បានឃើញម៉ាកយីហោអាជីវកម្មរបស់លោកអ្នក ពួកគេងាយនឹងចងចាំ ក៏ដូចជាបានស្គាល់ពីអាជីវកម្មរបស់លោកអ្នកកាន់តែច្បាស់ជាងមុនផងដែរ។
• ការប្រើប្រាស់ Effects នៅក្នុងវីដេអូរបស់លោកអ្នក
ដូចដែលលោកអ្នកបានឃើញស្រាប់ហើយថា វីដេអូរាប់លានត្រូវបានបង្កើត និងចែករំលែកជារៀងរាល់ថ្ងៃ។ ដូច្នេះចំពោះលោកអ្នកវិញ តើលោកអ្នកអាចធ្វើអ្វីខ្លះ ដើម្បីឲ្យវីដេអូរបស់អ្នកមើលទៅទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាងវីដេអូដទៃទៀត? ដើម្បីជួយឲ្យវីដេអូរបស់លោកអ្នកកាន់តែមានភាពល្អប្រសើរ Tik Tok ក៏បានផ្តល់ជូនអ្នកនូវ Effects ដែលគួរឲ្យទាក់ទាញជាច្រើនផងដែរសម្រាប់លោកអ្នកក្នុងការប្រើប្រាស់។

