វិស័យទេសចរណ៍កម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើន ១៦ភាគរយក្នុងឆ្នាំ២០២២ 

C
chhinphin
ភ្នំពេញ៖ តាមរយៈកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍កម្ពុជា ត្រូវបាន ព្យាករណ៍ថា នឹងមានកំណើនប្រមាណ១៦% ក្នុងឆ្នាំ២០២២ និង២៣% ក្នុងឆ្នាំ២០២៣។ទន្ទឹមគ្នា នេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបានដាក់​ដំណើរការជា​ផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន១៥០លាន​ដុល្លារ ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ថ្លែងថា ក្រសួងទេសចរណ៍ជឿជាក់ថា ការដាក់អនុវត្ត​គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាត​ហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។ 

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា ការងើបឡើង​នៃ​វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកប​ដោយយុទ្ធសាស្ត្រ​ច្បាស់លាស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធនឹង​ជំងឺ​កូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង, ការដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាលព្រមទាំងវិធានការ អន្តរាគមន៍ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឲ្យ​មាន​ការបើកដំណើរការទាំងស្រុងឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន»។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ទោះបីជាវិស័យទេស​ចរណ៍​បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញគួរឲ្យកត់សម្គាល់ក្តី សហគ្រាសនៅក្នុងវិស័យនេះ នៅ​បន្តជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការខ្វះសមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model) បែបឌីជីថល, ការស្ថិតនៅក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន, ការខ្វះ​ជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់, ការខ្វះទុន រួមទាំងទុនបង្វិល និងទុនវិនិយោគ សម្រាប់​រក្សាលំនឹង, កែលម្អ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល ការ​ស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ គឺជាកត្តាចាំបាច់ ដើម្បីគាំទ្រដល់វិស័យ​ទេសចរណ៍​​កម្ពុជា ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួល នៃបរិយាកាសប្រកួតប្រជែងសកល ជាពិសេសដើម្បីគាំទ្រដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកផលប្រយោជន៍​ជាអតិបរមាពីកាលានុវត្តភាពនានា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

Comments