មនុស្សជាច្រើននិយាយថា ”ហ្អែងដើរលេងយកកូនទៅធ្វើអី? ផ្ញើរម៉ាក់ប៉ាហ្អែងទៅ បានពួកហ្អែងមានពេលជាមួយគ្នាខ្លះ ទុកនៅជាមួយយាយតាទៅខ្លះទៅ វាមិនស្អីទេហ្អាស រកពេលឱ្យខ្លួនឯងខ្លះទៅ”
ប៉ុន្តែខ្ញុំមិនមែនបង្កើតកូនមកលើពិភពលោកនេះហើយគិតថាខ្លួនឯងត្រូវតែមានសុខសាន្តខ្លះ ដោយទុកកូនចោលទេ ណាមួយកូនក៏មិនមែនកើតមកដើម្បីធ្វើឱ្យពិភពលោករបស់ខ្ញុំខូចខាតអីដែរ។
ខ្ញុំបង្កើតកូនមកដើម្បីផ្តល់ភាពសុខសាន្តដល់កូន និងផ្តល់ភាពរីករាយគ្រប់គ្រាន់ដល់កូន!ខ្ញុំមានអារម្មណ៍មិនសុខទេបើសិនជាពេលដែលចង់អោបកូន ហើយកូនមិននៅក្បែរ វាពិបាកជាងកូនរំខានទៀតផង។ កូននៅតូច ខ្ញុំអាចនឹងមិនមានពេលសម្រាប់ខ្លួនឯងពេញលេញពិតមែន ប៉ុន្តែសំខាន់គឺកូនខ្ញុំទទួលបានក្តីស្រលាញ់ថ្នាក់ថ្នមពេញលេញក្នុងវ័យនេះ។ យើងមនុស្សធំខ្វះអីរបស់កំសាន្ត តែកូនៗមានតែយើងទេ!
ដូច្នេះខ្ញុំសន្យាថានឹងបំពេញនូវក្តីស្រលាញ់គ្រប់គ្រាន់សម្រាប់ជីវិតនេះនៅពេលដែលមានកូន ។ ព្រោះវាមិនមែនជារយៈពេលវែងនោះទេ ពួកគេនឹងធំបន្តិចម្តងៗ ហើយពួកគេនឹងរៀនចេះបំពេញការងារដោយខ្លួនឯង ហើយគ្រប់យ៉ាងនឹងក្លាយជាអនុស្សាវរីយ៍រយៈពេលខ្លី។ ដូច្នេះត្រូវអោបក៏អោបឱ្យហើយទៅ ត្រូវថ្នាក់ថ្នមក៏ថ្នមឱ្យហើយទៅ។

