#របៀបធ្វើនំបញ្ចុកខួរក្តាម
#គ្រឿងផ្សំ៖
• ឆ្អឹងជ្រូក ១ គីឡូក្រាម
• សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម
• ប្រហិតត្រី រឺ សាច់ប៉ាតេ (តាមចំណូលចិត្ត)
• បង្គារក្រៀម ២ ស្លាបព្រាបាយ (ត្រាំទឹក ហើយចិញ្ច្រាំឲ្យម៉ត់)
• បង្គារស្រស់ ១/២ គីឡូក្រាមបកសំបកចិញ្រ្ចាំអោយម៉ត់
• ឈាមមាន់ (តាមចំណូលចិត្ត)-តៅហ៊ូចៀន ១ កញ្ចប់
• សាច់ក្ដាមស្ងោរ ៣០០ ក្រាម
• សាច់ក្តាមម៉ត់ ២ កែវ (crab paste)
• ប៉េងប៉ោះទុំ ៥ ផ្លែ-ខ្ទឹមបារាំង ១ មើម
• ខ្ទឹម ស (ដំ ៥ កំពឹស និង ចិញ្ច្រាំ ៤ កំពិស)
• អំបិល ១.៥ ស្លាបព្រាកាហ្វេ ទឹកត្រី ២.៥ ស្លាបព្រាបាយ
• ស្ករស ២ ស្លាបព្រាកាហ្វេ
• ពងមាន់ ២ គ្រាប់
• បន្លែសំរាប់ល្បោយដាក់តាមចំណូលចិត្តមានដូចជាសណ្តែកបណ្តុះ ត្រកួន ត្រយូងចេក ស្លឹកជីពណ៌ស្វាយ សាឡាត់ ជី
• កាពិ អំពិលទុំ និង ម្ទេសហាន់
• នំបញ្ចុក
#វិធីធ្វើ៖
១. លាងឆ្អឹងជ្រូកឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះឆ្អឹងជ្រូក បន្ទាប់មកស្រង់ឆ្អឹងជ្រូកចេញរួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត
២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣.៥ ទៅ ៤ លីត្រទឹកពុះដាក់ឆ្អឹងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ ៥ កំពឹស និងខ្ទឹមបារាំងចូល ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ៤៥ នាទី
៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ដ្ឋ សាច់ក្ដាមស្ងោរ បង្គាក្រៀមព្រមទាំងបង្គារស្រស់ដែលចិញ្ច្រាំ រួចគោះពងមាន់ពីរគ្រាប់ដាក់ ដាក់ម្រេចម៉ដ្ឋបន្តិចរួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយឡែក
៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ ដាក់ប៉េងប៉ោះចូល រួចរោយអំបិល និងម្រេចមួយចិប ឆាប្រហែល២ ទៅ ៣ នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុប
៥.យកសាច់ខួរក្តាមតែច្របល់រួច ពូតជាដុំល្មមៗរួចមកដាក់ក្នុងស៊ុប
៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតត្រី ចូលក្នុងស៊ុប រួចបន្ថែមអំបិល ១.៥ ស្លាព្រាកាហ្វេ ស្ករស ២ ស្លាបព្រាកាហ្វេ ទឹកត្រី២.៥ ស្លាបព្រាបាយ បងប្អូនអាចភ្លក់ និងថែមថយគ្រឿងទៅតាមចំណូលចិត្ត។


`
Your post has been Curated by @Yowl. Keep Posting Quality Content
Thanks for posting on Serey
Consider your Witness vote for @Yowl
`