គ្រឿងផ្សំ៖ កូនត្រីល្អិតៗ ដូចជាចង្វារភ្លៀង ត្រីកញ្រ្ជូក បណ្តូលអំពៅជាដើម 1ខាំ សាច់ជ្រូកចិញ្រ្ចាំ កូនកំពិសតូចៗ កន្លះខាំ គ្រឿងបុក (ខ្ទឹមស គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ជាយ) កន្លះស្លាបព្រាបាយ ក្រសាំងចាស់ 1ស្លាបព្រាបាយ
ប្រហុកចិញ្ច្រាំ 1ចឹប ស្លឹកម្រះព្រៅ 4ទៅ5ត្រួយ ស្ករស 1ចឹប
ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប ផ្សិតចំបើង ស្លឹកចេក ឬស្លឹករមៀតសម្រាប់ខ្ចប់ 4ទៅ5បន្ទះ។
វិធីធ្វើ
១.ច្របាច់យកអាចម៍ត្រីចេញពីពោះឲ្យអស់ លាងទឹកឲ្យស្អាត(បើយកអាចម៍ត្រីមិនអស់វានឹងធ្វើឲ្យខ្នប់ល្វីងពិបាកញ៉ាំ)
២.កំពិសបេះព្រុយពុកមាត់ចេញឲ្យអស់លាង ឲ្យស្អាត
៣.គ្រឿងបុកឲ្យម៉ត់
៤.ម្រះព្រៅបេះយកតែស្លឹកលាងឲ្យស្អាត
៥.ប្រហុកចិញ្ច្រាំឲ្យម៉ត់
៦.ពុះក្រសាំងឆ្កៀលយកទាំងសាច់ទាំងគ្រាប់
៧.រោលស្លឹកចេក ឬស្លឹករមៀតជាមួយភ្លើងឲ្យ ទន់បន្តិចងាយស្រួលពេលខ្ចប់មិនរហែកស្លឹក
៨.យកចានជ្រៅធំមួយ ដាក់សាច់ជ្រូកចិញ្រ្ចាំ កូនត្រី កូនកំពិស គ្រឿងបុក ផ្សិតចំបើង ក្រសាំង ប្រហុក ស្ករស ម្សៅស៊ុបខ្នរ ស្លឹកម្រះព្រៅរួចច្របល់ចូលគ្នាឲ្យសព្វល្អ(បើចូលចិត្តហ៊ឹរអាចចិញ្ច្រាំម្ទេសដាក់លាយជាមួយ)
៩.ដួសត្រីដែលច្របល់រួចនោះដាក់លើ ស្លឹកចេកឬស្លឹករមៀតរួចខ្ចប់វាបត់ឲ្យស្អាតដូចបត់នំបត់ រួចយកទៅអាំងឲ្យឆ្អិន ជះក្លិនឈ្ងុយ បើកយកមកពិសាជាមួយបាយក្តៅៗ ង៉ាញ់ណាស់ម៉ាក់អើយ។

