ចូលឆ្នាំខ្មែរមាន ៣ថ្ងៃ គឺ
១.ថ្ងៃទី១ ជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង ។មហាសង្ក្រាន្ត
ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប
ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា សំស្ក្រឹត ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតាទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។
វារៈវ័នបត
ថ្ងៃទី២ ហៅថា "ថ្ងៃវារៈវ័នបត" ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កុបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុមេរុ ចំនួន៣ជុំ ចក្រក្រវាឡ ស្មើនិង ៦០នាទី ទើបយាងព្រះកេសបិតា ទៅប្រតិស្ថានរក្សាទុក្ខក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។
វារៈឡើងស័ក
ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" គឺជាការផ្លាសប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ ដោយក្បួនគណនា ថ្ងៃចូលឆ្នាំថ្មី និង ថ្ងៃឡើងស័ក ហើយជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ។ ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប ដែលជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ ។

