ងារជាឧកញ៉ាកាលពីជំនាន់ដើម 

C
#ងារជាឧកញ៉ាកាលពីជំនាន់ដើម 

ងារជាឧកញ៉ាកាលពីជំនាន់ដើមមានរាស្ត្រគោរពស្រឡាញ់ខ្លាំងណាស់ ព្រោះគាត់ប្រកបទៅដោយចំណេះវិជ្ជាជ្រៅជ្រះ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈខ្ពស់ណាស់ ។ ដើម្បីបានងារឧកញ៉ានេះ គាត់មានសមត្ថភាពពិសេសច្រើនណាស់ មិនមែនត្រឹមតែមានទ្រព្យសម្បត្តិម្យ៉ាងនោះទេ គាត់អាចសរសេរជាពាក្យកាព្យ ឬនិពន្ធជាសៀវភៅអប់រំដល់រាស្ត្រទូទាំងនគរខ្មែរ ឬស្រុកខ្មែរ ។

ប្រិយមិត្តជាទីរាប់អាន ប្រិយមិត្តដែលចូលចិត្តអក្សរសាស្ត្រ ពាក្យកាព្យ ប្រាកដជាស្គាល់ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ជាមិនខាន ។ អេតមីនពិតជាចាប់ចិត្តនូវស្នាដៃរបស់គាត់ខ្លាំងណាស់ ជាពិសេស គឺសៀវភៅ «គតិលោក» សៀវភៅនេះមានអត្ថន័យពោរពេញទៅដោយគំនិតត្រិះរិះពិចារណាជ្រៅជ្រះណាស់ កាលណាបើពលរដ្ឋខ្មែរណាមួយបានអាន និងបានឈ្វេងយល់នូវខ្លឹមសារក្នុងសៀវភៅនេះ ប្រាកដជាមិនងាយនឹងចាញ់បោកកលល្បិចសត្រូវ ឬជនបោកប្រាស់ណាម្នាក់ឡើយ ។

ស្រុកយើងបច្ចុប្បន្ន កំពុងកើតមាន «អតិផរណាឧកញ៉ា» ។ ឧកញ៉ាខ្លះយើងស្ទើរតែមិនធ្លាប់លឺឈ្មោះ មិនដឹងគាត់ប្រកបរបរអ្វី មានស្នាដៃអ្វីកសាងជាតិខ្លះ បន្សល់ទុកនូវគតិអប់រំអ្វីដល់កូនខ្មែរ? និយាយជារួម គឺមានច្រើនតែចំនួន យើងមិនដឹងថា គុណភាពយ៉ាងម៉េចនោះទេ ។ អេតមីននិយាយនេះ មិនមែនផ្តោតន័យចំទៅលើឧកញ៉ាទាំងអស់នោះទេ ឧកញ៉ាខ្លះ ក៏គេមានស្នាដៃ និងសមត្ថភាពអស្ចារ្យច្រើនរាប់មិនអស់ដែរ ។ 

ប៉ុន្តែ អ្វីដែលយើងចង់បាន គឺចង់ឃើញឧកញ៉ា ដែលមានចំនួនច្រើនលើសលុបនោះងាកមកជួយបង្កើតការងារណាដែលផ្តល់ស្ថិរភាពការងារ Sustainable Job or Income Flow បង្កើនប្រាក់ចំណូលដល់ជាតិ និងប្រជាជន ។ បង្កើតរោងចក្រកែច្នៃអាហារដើម្បីផ្តត់ផ្គង់តម្រូវការក្នុងស្រុក ទិញផលិតផលកសិកម្មពីកសិករក្រីក្រ ដើម្បីយកមកកែច្នៃ ។ ប៉ុន្តែ បច្ចុប្បន្ន តែអំបិល ប៊ីចេង ស្ករ ខ្ទឹមស និងឈើចាក់ធ្មេញក៏យើងនាំចូលពីប្រទេសជិតខាងដែរ ។ ដើម្បីចូលរួមកសាងជាតិមួយឱ្យខ្លាំងក្លាទៅបាន លុះត្រាតែចាប់ផ្តើមពីអ្នកមានលុយ មានគំនិតរកសុីអ្វីដែលផ្តល់ផលប្រយោជន៍វែងឆ្ងាយ ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកដើរដោយរលូន កុំឱ្យគេបិទព្រំដែន ស្រាប់តែ បន្លែ ត្រីសាច់ តាមផ្សារបែរជាឡើងថ្លៃ ដែលធ្វើឱ្យគ្មានស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក ។ 

ណ្ហើយ Ebook សូមចូលរួមចែករំលែកគំនិតខ្លីៗប៉ុណ្ណេះសិនចុះ! សូមអរគុណ!

រូបភាព ៖ ទូច គីមស្រ៊ាង

Comments