ធ្វើយ៉ាងណាដើម្បីឲ្យដឹងថាព័ត៌មាននោះពិត ឫ ក្លែងក្លាយ?

C
ធ្វើយ៉ាងណាដើម្បីឲ្យដឹងថាព័ត៌មាននោះពិត ឫ ក្លែងក្លាយ?

មួយរយៈចុងក្រោយនេះ ព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលត្រូវបានគេយកមកនិយាយស្ទើរពាសពេញពិភពលោក។ តាមពិតទៅ ព័ត៌មានមិនពិតបានកើតមានរាប់សតវត្សរ៍មកហើយ ប៉ុន្តែកាលដើមឡើយគេនិយមហៅថា “ពាក្យចចាមអារ៉ាម” ហើយបច្ចុប្បន្ននេះគេក៏បង្កើតពាក្យថ្មីថា “ព័ត៌មានក្លែងក្លាយ” ដើម្បីក្តោបឲ្យទូលំទូលាយនិងឲ្យគេចាប់អារម្មណ៌ ។ 

ដើម្បីងាយសម្គាល់ និងពិចារណាលើព័ត៌មានមួយថា “ពិត ឬ មិនពិត” នោះ ខ្ញុំសូមចែករំលែកនូវកំណត់សំគាល់ត្រួសៗចំនួន ៨ ចំណុច៖ 

ទី១៖ នៅពេលដែលអានព័ត៌មាន គួរពិចារណាលើប្រភពព័ត៌មាននោះ តើបុគ្គលណាជាអ្នកសរសេរ ជាសកម្មជនហ្វេសប៊ុក ឬ ចេញមកពីស្ថាប័នព័ត៌មានវិជ្ជាជីវៈ? 

ទី២៖ សូមកុំអានតែលើចំណងជើង សូមអានអត្ថបទទាំងមូលដើម្បីឲ្យដឹងថាចំណងជើងនោះឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារអត្ថបទទាំងមូលដែរឬទេ? ពេលខ្លះចំណងជើងសរសេរដូចជារឿងពិត ប៉ុន្តែខាងក្នុងអត់មានអ្វីជាអំណះអំណាងទាល់តែសោះ។

ទី៣៖ គួរពិនិត្យមើលអ្នកនិពន្ធ អ្នកសរសេរ ថាតើគាត់ជាអ្នកនិពន្ធ អ្នកសរសេរដែលមានវិជ្ជាជីវៈត្រឹមត្រូវដែរឬទេ?

ទី៤៖ គួរពិនិត្យលើប្រភពព័ត៌មានរបស់អ្នកសរសេរ តើមានប្រភពច្បាស់លាស់ ឬគាត់ដកស្រង់ពីគេ? 

ជានិច្ចកាល អ្នកសារព័ត៌មានអាជីពទាមទារប្រភពព័ត៌មានតិចបំផុតក៏ពីរដែរ ។ ពេលខ្លះតម្រូវឲ្យរកប្រភពរហូតដល់ទៅ ៤ ឬ ៥ ឯណោះ ប្រសិនបើនោះជាព័ត៌មានរសើប ព័ត៌មានធំ ដែលអាចប៉ះពាល់ដល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ឥស្សរជនជាន់ខ្ពស់ អាចបង្កភាពចលាចលសង្គម ឬ សន្តិសុខជាតិជាដើម។ នៅក្នុងបរិបទបច្ចុប្បន្ននេះ រឿងជំងឺវីរុសកូរ៉ូណា ចាំបាច់ត្រូវការប្រភពច្រើន និងពីប្រភពដើមនៃតួអង្គដែលពាក់ព័ន្ធដោយផ្ទាល់ ដើម្បីធានាថាការសរសេរនោះ ឬព័ត៌មាននោះពិតជាត្រឹមត្រូវមែន។

ទី៥៖ តើព័ត៌មាននោះមានកាលបរិច្ឆេទត្រឹមត្រូវទេ?  ពេលខ្លះគេយករឿងរ៉ាវដែលកើតឡើងកាលពីឆ្នាំមុន ពីរឆ្នាំមុន ឬ៥ឆ្នាំមុនមករំលឹកឬបង្ហោះឡើងវិញក៏មាន។ 

ទី៦៖ សំណេរខ្លះគ្រាន់តែជាការកំប្លែងលេង ជាការចំអកឡកឡឺយ ដើម្បីជាការកំសាន្ត ដើម្បីលក់ផលិតផល ឬដើម្បីគ្រាន់តែជាការទាក់ទាញអ្នកអានឲ្យបានច្រើនតែប៉ុណ្ណោះ ។ 

ទី៧៖ តើអ្នកសរសេរវាយតម្លៃឬសន្និដ្ឋានរឿងនោះដោយខ្លួនឯង ដោយមានបំណងលំអៀង ឬដាក់កំហុសលើភាគីម្ខាងទៀតឬយ៉ាងណា?

ទី៨៖ អត្ថបទមានដកស្រង់ពីអ្នកជំនាញដែលពាក់ព័ន្ធនឹងសាច់រឿងដែលខ្លួនសរសេរនោះដែរឬទេ?ឧទាហរណ៍ ករណីវីរុសកូរ៉ូណា ដែលទាមទារដាច់ខាតត្រូវសួរទៅក្រសួងសាម៉ីនោះគឺក្រសួងសុខាភិបាល។ ចាំបាច់បំផុតដែលត្រូវបញ្ជាក់ហើយបញ្ជាក់ទៀត ព្រោះមានតែស្ថាប័នក្រសួងសុខាភិបាល ឬវិទ្យាស្ថានជាតិប៉ាស់ស្ទើទេ ដែលអាចបញ្ជាក់ថាបុគ្គលណាម្នាក់ពិតជាបានឆ្លងវីរុសពិតមែន។ 

ដូចនេះ ជានិច្ចកាល សូមពិនិត្យលើចំណុចទាំង៨ខាងលើ ដើម្បីញែកឲ្យឃើញថា ព័ត៌មានមួយ ពិត ឬមិនពិត ឬជាព័ត៌មានក្លែងក្លាយ ៕

Cr: Puy Kea

Comments