#លំនឹងផ្លូវចិត្ត
ដំណើរជីវិតតែងតែបានជួបនូវរឿងពីរយ៉ាងដែលធ្វើឱ្យចិត្តមានការប្រតិកម្មខ្លាំងក្លា ៖
១. រឿងរ៉ាវល្អៗនាំឱ្យចិត្តកើតការសប្បាយ ភ្លេចការប្រុងប្រយត្ន ពាក្យខ្មែរពោលថា សប្បាយក្លាយជាទុក្ខ។ សប្បាយកាន់តែខ្លាំង ពេលទុក្ខក៏ខ្លាំងក្លាអ៊ីចឹងដែរ។ តួយ៉ាង សប្បាយលេងហ្វេសប៊ុក សប្បាយលេងតិតតុក សប្បាយសង្សារដើរលេង ភ្លេចរៀន សប្បាយស្រា គ្រឿងញៀន ។ល។ សប្បាយមានពីរ សប្បាយមួយសប្បាយវិនាស សប្បាយមួយសប្បាយចម្រើន សាករៀនគិតដោយខ្លួនអ្នកចុះ តើអ្នកគួរសប្បាយបែបណា។
២. រឿងរ៉ាវមិនត្រូវចិត្តទាំងឡាយ មានខកចិត្តសង្សារក្បត់ចិត្ត ទាំងវ័យក្មេង ឬមានសម្ពាធពីសង្គមគ្រួសារ ឬក៏សង្គមមជ្ឈដ្ឋាននានា នឹងធ្វើឱ្យកើតទុក្ខមិនសុខចិត្ត រហូតធ្វើបាបគេឯង ឬធ្វើអត្តឃាតក៏មានដែរ។
ដើម្បីដោះស្រាយបញ្ញាទាំងពីរនេះបាន យើងត្រូវរៀនអប់រំចិត្តកុំឱ្យសប្បាយពេក ក៏កុំឱ្យកើតទុក្ខជ្រុលពេក គឺធ្វើយ៉ាងណាឱ្យចិត្តស្ថិតនៅជាឧបេក្ខាចំពោះរឿងរ៉ាវទាំងពីរនោះ ទើបយើងមានឈ្មោះថាមនុស្សមានលំនឹងផ្លូវចិត្ត។
យុទ្ធសាស្រ្តដោះស្រាយ ៖
១. រៀនញញឹម
ញញឹម មានន័យថា ជាមនុស្សមានការគ្រប់គ្រងខ្លួនឯងបាន ចំណែកការសើចសប្បាយជ្រុលហួសហេតុ គឺជាមនុស្សដែលមិនអាចគ្រប់អំណាចភ្លើតភ្លើនរបស់ចិត្តរបស់ខ្លួនឯងទៅវិញទេ។ ទោះបីជាមានបញ្ហាយ៉ាងម៉េចក៏ដោយត្រូវតែរៀនញញឹម។ យើងអាចរៀនញញឹមយ៉ាងនេះ បើដឹងថាខ្លួនឯងល្ងង់ខ្លៅ ត្រូវញញឹមរួចនិយាយថា ដោយសារខ្ញុំដឹងថាខ្លួនឯងល្ងង់ខ្លៅនេះហើយ ទើបខ្ញុំដឹងថា ខ្ញុំត្រូវធ្វើឱ្យខ្លួនឯងមានប្រាជ្ញាឡើង ដោយសារគេមើលងាយខ្ញុំនេះហើយ ទើបខ្ញុំដឹងថា គេមើលងាយខ្ញុំមិនទាន់ជាបញ្ហាទេ ខ្ញុំមើលងាយខ្លួនឯងទៅវិញទេទើបជាបញ្ហា ដោយសារខ្ញុំក្រនេះហើយ ទើបខ្ញុំស្គាល់រសជាតិជីវិតពិត ស្គាល់ការតស៊ូ ហើយបើខ្ញុំឆ្លងវាផុត ជីវិតខ្ញុំនឹងមានតម្លៃ គ្រប់យ៉ាងសុទ្ធតែមានផ្លូវចេញ បើខ្ញុំញញិមដើម្បីឈ្វេងបញ្ញាក្នុងខ្លួនដើម្បីដោះស្រាយ…។
២. ស្ងៀមស្ងាត់
ស្ងៀមស្ងាត់ មានន័យថា យើងមិនត្អូញត្អែរ សម្ដែងភាពទន់ជ្រាយ ឬដ្រាម៉ាពេញបណ្ដាញសង្គមហ្វេសប៊ុក ឬក៏ធ្វើរឿងតូចឱ្យទៅជារឿងធំ ឬក៏គ្មានរឿងអីសោះក៏បង្កើតទៅជារឿងដ៏ធំដុំនោះទេ ម្យ៉ាងវិញទៀត បើរឿងណាអត់ប្រយោជន៍នឹងឈ្លោះ ឬប្រកែកតវ៉ាសោះ អត់ធន់នឹងចាកចេញទៅ ព្រោះបើនៅក៏គ្មានអ្វីរីកចម្រើននោះដែរ តែក៏មិនមែនមានន័យថា កំសាកនោះដែរ ប៉ុន្តែត្រូវមើលកាលានុវត្តភាពផង។ រឿងណាត្រូវស្ងៀមស្ងាត់ ត្រូវតែស្ងាត់ តួយ៉ាង រឿងអត់ប្រយោជន៍បង្ហាញក្នុងបណ្ដាយសង្គមហ្វេសប៊ុក (មិនចាំបាច់ខ្ញុំនិយាយចំទេ) មើលទៅយុវវ័យឈាមរាវ ភ្លើតភ្លើនបង្ហាញក្នុងបណ្ដាញសង្គមយ៉ាងអសីលធម៌ នោះដោយសារគ្មានសតិសម្បជញ្ញៈ និងគ្មានលំនឹងផ្លូវចិត្ត…។
ដើម្បីមានលំនឹងផ្លូវចិត្ត ៖
១. អានសៀវភៅអប់រំឱ្យបានច្រើន ឬសារអប់រំផ្សេងៗ ឬក៏ស្ដាប់ពាក្យអប់រំល្អៗ ជាច្រើននៅក្នុងបណ្ដាញសង្គម។
២. រៀនត្រិះរិះគិត អំពីតម្លៃនៃសេចក្ដីថ្លៃថ្នូររបស់មនុស្ស ឬរបស់ខ្លួន ព្រោះបើមនុស្សយល់អំពីតម្លៃថ្លៃថ្នូរម៉្លេះយើងនឹងអាចក្រៀកចិត្តចេញពីភាពភ្លើតភ្លើនបានខ្លះមិនខានឡើយ។
៣. សេពគប់អ្នកត្រឹមត្រូវ អ្នករៀនសូត្រ និងវៀរចាកការសេពគប់អ្នកនាំដើរលេង អ្នកខ្ជិលរៀនសូត្រ ព្រោះខ្ញុំសង្កេតឃើញយុវវ័យមួយចំនួនកំពុងដើរផ្លូវហ្នឹង។
៤. រៀនសូត្រឱ្យច្រើន ត្រូវស្រមៃដល់អនាគតមួយដ៏ភ្លឺស្វាង និងមានសុភមង្គល ជាពិសេសជាមនុស្សម្នាក់មានកេរ្ដិ៍ឈ្មោះថ្លៃថ្នូរក្នុងសង្គម យ៉ាងហោចណាស់ក៏ក្នុងភូមិរបស់អ្នកដែរ…ខ្ញុំមិនអាចនិយាយឱ្យអស់សេចក្ដីបានទេ សង្ឃឹមថាយុវវ័យនឹងត្រិះគិតពិចារណាបន្ថែម ព្រោះបើអ្នកគិតបន្ថែម អ្នកនឹងកាន់តែមានប្រាជ្ញា ហើយជាប្រាជ្ញារបស់ខ្លួនអ្នកតែម្ដង អ្នកដឹងទេ ទីពឹងដ៏ប្រសើរបំផុតគឺប្រាជ្ញាក្នុងខ្លួនរបស់អ្នកហ្នឹងឯង ..៕
អត្ថបទទី ៣០៧
No. 307
សរសេរដោយ៖ ខ្ញីចាស់
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶

