បុរសចិត្តបង្អៀត ៤ពួក:
ទី១- ខ្លាចមនុស្សស្រីចេះជាង: វាគួរឱ្យអស់សំណើចបន្តិច ហួសចិត្តបន្តិច ត្បិតអីបុរសប្រភេទនេះ ផ្នត់គំនិតរបៀបនេះ ចង្អៀតអើយមហាចង្អៀត។ នៅពេលដែលបុរសម្នាក់មិនព្រមពង្រឹងសមត្ថភាពខ្លួនឯង មិនខិតខំសិក្សាស្វែងយល់អ្វីដែលថ្មីហើយទូលំទូលាយ ហើយបែរជាអង្គុយក្នុងពាង ស្រែកហាមប្រាមការលូតលាស់របស់មនុស្សស្រី នេះជារឿងដែលអាណោចអាធ័មពន់ពេក។ មានតែបុរសខូច បុរសអន់តែប៉ុណ្ណោះ ទើបខ្លាចមនុស្សស្រីដែលមានចំណេះដឹង មនុស្សស្រីពូកែ និងមានសមត្ថភាព។ បុរសល្អ គេចេះសម្លឹងវែងឆ្ងាយពីអនាគតកូនចៅ និងវាសនាជាតិ មិនមកត្រឹមរង្វង់មួយក្ដាប់នៃភាពអាត្មានិយមខ្លួនឯង។
ទី២-បុរសដែលត្រូវតែខ្លួនឯង: អីដែលខ្លួនឯងធ្វើគឺត្រូវជានិច្ច តែអីដែលគេធ្វើ ពិសេសមនុស្សស្រីគឺខុសជានិច្ច។ មនុស្សស្រីមិនគួរប្រាថ្នាបុរស ព្រោះខ្លួនជាស្រី មនុស្សស្រីមិនគួរចូលចិត្តពេញចិត្តតែបុរសសង្ហារ បុរសមាន មនុស្សស្រីមិនគួរស្លៀកខ្លី... ប៉ុន្តែបើរឿងខ្លួនផឹក ខ្លួនជក់ ខ្លួនShare រូបភាពអាសអាភាសពេញ Newfeed ធម្មតា។
ទី៣-ធ្វើអីគឺដាច់ខាតគាត់អនុញ្ញាតិសិន: ជីវិតគូសួរនាំគ្នាជារឿងធម្មតា តែនេះលក្ខខណ:ថា គាត់ជាព្រះជាម្ចាស់នៃជីវិតមនុស្សស្រីតែម្ដង។ បើមិនបានគាត់អនុញ្ញាតិសូម្បីតែ១រឿង ច្បាស់ជាមេឃរលំភ្នំរលាយ ជីវិតគូនឹងចួបអន្តរាយ។ សូម្បីតែរឿងងាយៗ ពាក់ព័ន្ធឯកជនភាពសុទ្ធសាធ ក៏ត្រូវតែគាត់អនុញ្ញាតិសិន។ សេរីភាព និងជីវិតឯកជនតិចតួច ក៏លែងមានហើយចំពោះដៃគូនារី តែបើគាត់វិញ ធ្វើអីមិនដែលឱ្យសួរនាំ មិនដែលប្រាប់ ជីវិតគាត់គឺជីវិតគាត់ កុំចេះដឹង។ ព្រោះគាត់ខ្លាំង គាត់ធំ គាត់ជាបុរស។ រឿងលុយកាក់ គាត់ក្ដោប គាត់ក្ដាប់ គាត់អ្នកសម្រេច។ មនុស្សស្រី ក៏បានត្រឹមតែលូនក្រាប ថ្វាយអង្វរ ទឹកភ្នែក។
៤-ញាតិមិត្តគ្រួសារគ្រាន់តែជាអ្នកដទៃ អ្វីដែលខ្វាយខ្វល់ត្រឹមគាត់និងកូនចៅ: មានគ្រួសាររួមគ្នាគិតគូឆ្នាំងបាយឯង នោះជារឿងមួយ តែការឱ្យផ្ដាច់លះញាតិម៉ែពុកបងប្អូនសាច់ឈាមឯង ជារឿងមួយទៀត។ នេះហៅថាចង្អៀតអើយក្រៃលែងចង្អៀត។
ធ្វើជាប្រពន្ធ ក៏នៅតែជាកូន ជាចៅ ជាក្មួយ ជាបង ជាប្អូន ក៏មានកត្តញ្ញូកត្តវេទីតាធម៌ក្នុងខ្លួន នោះជាធម៌ដ៏ប្រពៃមួយ។ មិនមែនឱ្យងងឹតងងុល ក្មេងខ្ចី មិនទាន់ធំ តែជាប្រពន្ធជាស្រីចេះរក្សាភ្នក់ភ្លើងទាំង៣ មិនមែនឱ្យគ្នាក្លាយជាមនុស្សអគុណ ផ្ដាច់មនោសញ្ចេតនា ផ្ដាច់ញាតិរបៀបនេះទេ។
"បុរស បួនប្រភេទនេះ ហាក់ដូចជាកើតមក ដើម្បីបំបាក់កិត្តិយសបុរសទូទៅ។"
ខ្មែរយើងមានពាក្យបូរាណមួយ ល្អក្រៃណាស់ "បុរសដើមទ្រូងប្រាំហត្ថ"។ "ប្រាំហត្ថ"? មិនមែនទ្រូងវែងដល់ ៥ហត្ថទេ។ "៥ហត្ថ" នេះគេសម្ដៅលើវត្ថពន្ធ។ ជាធម្មតា អ្នកបួសរៀន ជាភក្ខុសាមណេរ តែងមានសម្ភារ:ប្រើប្រាស់មួយឈ្មោះថាវត្ថពន្ធ សម្រាប់ប្រើដើម្បីចង់ក្រសោបចីវរមិនឱ្យរបូត ឬរញ៉េរញ៉ៃ គឺវាឱ្យចីវរនៅជាប់នឹងកាយល្អ យ៉ាងណាអ្នកបានបួសរៀន មែងជាបុគ្គលមិនច្រងេងច្រងាង មិនឆេវឆាវ ជាអ្នកមានភាពនឹងន៎ល្អ មានធម៌សប្បុរស ប្រកដដោយចំណេះដឹង។ អ្នកសិក្សារៀនសូត្រ ចេះទាំងផ្លូវធម៌ និងផ្លូវលោកនេះឯង គេហៅបុរសដើមទ្រូង៥ហត្ថ។
អត្ថន័យទី២ គេសម្ដៅដល់ បុរសដែលស្ថិតនៅក្នុងលក្ខណៈ៥យ៉ាង÷
១-អ្នកបានសិក្សារៀនសូត្រ
២-ចេះស្វែងរកទ្រព្យ
៣-អ្នកមានព្យាយាមមិនដាក់ធុរ:ចុះ
៤-ចេះចែករំលែក
៥-មិនស្រវឹងនឹងអំណាចដែលគេប្រគល់ឱ្យ
(1)
ត្រលប់មកជាបុរស ចូរធ្វើជាបុរសដើមទ្រូង៥ហត្ថ លះចិត្តបង្អៀតចង្អល់ លះការប្រកាន់ និងវង្វេងក្នុងអំណាច។ តើបានប្រយោជន៍អ្វី? តើខ្ពង់ខ្ពស់ត្រង់ណាទៅជាមួយនឹងក្ដីចង្អៀតចង្អល់របៀបនេះ? តើវាជាធម៌អាចរក្សាជីវិតគូឱ្យសុខដុមតាមរបៀបណា?
មនុស្សស្រីតែងតែស្មាលាបុរស៤ប្រភេទនេះ នឹងតែងតែជៀសវៀសឆ្ងាយពីជីវិតគូរបស់ពួកគេ៕
អត្ថបទ និងរក្សាសិទ្ធដោយ: ស្នង នេត្រា
Pic: Pinterest
------------------------------------------------------------
(1): ផ្អែកលើការបកស្រាយ ក៏មានអត្ថន័យផ្សេងៗទៀតទៅតាមការយល់ឃើញ។ អ្នកខ្លះទាញទៅកាន់ ការប្រកាន់ភ្ជាប់នូវអនិច្ចសីល និងសីលធម៌មួយចំនួន ដែលភ្ជាប់នឹងការដឹងគុណនូវមាតាបិតាជាដើម។ នៅត្រង់ចំណុចនេះ អាចស្រាវជ្រាវបន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏ខ្ញុំសង្គេតឃើញថា បុរសដើមទ្រូងប្រាំហត្ថពុំស្ថិតនៅក្នុងបុរសចិត្តចង្អៀតដែលខ្ញុំរៀបរាប់ខាងលើនោះទេ។ ដូចនេះ បុរសចិត្តចង្អៀតចង្អល់ទាំងឡាយ គប្បីវៀរចាកឆ្ងាយ ហើយរក្សាគន្លងក្នុងភាពជាបុរសដើមទ្រូង៥ហត្ថ ដើម្បីឧត្តមភាព កិត្តិយស និងសុខដុមរមាក្នុងជីវិត និងជីវិតគូ។

