
ប្រទេសឥណ្ឌាមានគម្រោងសាកល្បងចេញលក់ប័ណ្ណបំណុលក្រុមហ៊ុនលើកដំបូង ដោយប្រើប្រាស់ប្រាក់រូពីឌីជីថលរបស់ធនាគារកណ្តាលសម្រាប់ការទូទាត់។ គម្រោងសាកល្បងនេះនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ ដោយមានការចូលរួមពីអ្នកវិនិយោគមួយចំនួនតូច ដើម្បីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុទំនើប និងមានសុវត្ថិភាព។
ក្រុមហ៊ុនហិរញ្ញវត្ថុរដ្ឋឥណ្ឌា REC Limited គ្រោងនឹងចេញលក់ប័ណ្ណបំណុលឌីជីថលក្នុងទំហំទឹកប្រាក់ជិត ៥៧លានដុល្លារអាមេរិក។ នៅក្នុងការសាកល្បងនេះ អ្នកវិនិយោគត្រូវប្រើប្រាស់កាបូបលុយឌីជីថលពីរប្រភេទ គឺកាបូបលុយប្រាក់រូពីឌីជីថល និងកាបូបលុយមូលបត្រអេឡិចត្រូនិកដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យាប្លុកឆេន។ អាជ្ញាធរគ្រប់គ្រងទីផ្សារ និងធនាគារកណ្តាលឥណ្ឌាបានសហការគ្នារៀបចំប្រព័ន្ធនេះឡើង ដើម្បីឱ្យការទិញលក់ប័ណ្ណបំណុលមានភាពលឿនរហ័ស មានតម្លាភាព និងកាត់បន្ថយចំណាយប្រតិបត្តិការ។ ប័ណ្ណបំណុលទាំងនេះនឹងត្រូវរក្សាទុកក្នុងរយៈពេលបីខែដំបូង ហើយទីផ្សារបន្តនឹងត្រូវអភិវឌ្ឍបន្ថែមនៅចុងឆ្នាំនេះ។
