វិបាកកម្ម(ផលកម្ម)

C

វិបាកកម្ម(ផលកម្ម)
ស្វាផ្អើលលោតចុះឡើងតោងចំមែកឈើងាប់របូតដៃធ្លាក់មកជាន់កូនភេស្លាប់ មេភេខឹងខ្លាំងណាស់ បានទៅប្តឹងរុក្ខទេវតាឲ្យជួយរកខុសត្រូវ រុក្ខទេវតាសួរស្វាថា ហេតុអីក៏ជាន់កូនភេស្លាប់ ? ស្វាថា មកពីត្រសេះវាទូងស្គរប្រកាសអាសន្ន ! រុក្ខទេវតាហៅត្រសេះមកសួរ ហេតុអីក៏ឯងទូងស្គរឲ្យផ្អើលគេឯង ? ត្រសេះថា មកពីអណ្តើកវារត់ចេញពីទឹកភ័យឆោឡោ បានជាខ្ញុំទូងស្គរប្រកាសអាសន្ន ។ រុក្ខទេវតាហៅអណ្តើកមកសួរ ហេតុអីឯងរត់ឆោឡោចេញពីទឹក ? អណ្តើកតបថា ពួកត្រីវាបាតុកម្មធំដុំណាស់ ! ។ រុក្ខទេវតាបានហៅត្រីមកសួរ ហេតុអីពួកឯងបាតុកម្មឲ្យអណ្តើកវាភ័យ ? ពួកត្រីតបថា មកពីមេភេនោះឯង វាមកចាប់ពួកយើងឲ្យកូនវាសុីទើបយើងបាតុកម្ម ! ។ សួរចុះឡើងទីបំផុតដើមហេតុមកពីមេភេខ្លួនឯងសោះ ! រឿងរ៉ាវដែលធ្លាក់មកលើកូន គឺមកពីវិបាកកម្មដែលមេជាអ្នកសាងឡើង មនុស្សយើងក៏ដូចគ្នា ពេលមានបញ្ហា គឺគ្មានអ្វីក្រៅពីខ្លួនឯងជាអ្នកបង្កឡើងមកនោះទេ កុំចេះតែដើរបន្ទោសគេ ជីវិតបច្ចុប្បន្ននេះជាវិបាកកម្មដែលខ្លួនបានសាងឡើងមកទេ រីករាយទទួលយកវាមកដោះស្រាយឲ្យបានល្អទៅ ។
គតិនិទានៈ មនុស្សល្ងង់ពេលមានបញ្ហារករឿងទំលាក់កំហុសដាក់អ្នកដទៃ មនុស្សអភ័ព្វពេលមានបញ្ហារករឿងបន្ទោសខ្លួនឯង មនុស្សឆ្លាត ពេលមានបញ្ហាគេសិក្សាពីហេតុផលនៃបញ្ហា រួចហើយផ្លាស់ប្តូរកែប្រែដើម្បីដោះស្រាយបញ្ហា ! ។ សូមជាតិខ្មែរបានជួបតែក្តីសុខកុំបីខានឡើយ !

Comments