ដូចដែលយើងបានឃើញស្រាប់ តាមរយៈប្រវត្ដិសាស្រ្ដ នៅនាចុងសតវត្សទី១៣ និងដើមសតវត្សទី១៤ ប្រទេសកម្ពុជាតែងតែជួបប្រទះនូវសង្គ្រាមសាសនា ប្រល័យជីវិតបំផ្លិចបំផ្លាញជាតិសាសន៍ឯងគ្មានពេលទំនេរ។ បើយើងនិយាយអោយចំទៅ សង្រ្គាមនេះ មានសាសនាជាសំបកក្រៅ។ តែតាមការពិត គឺជាសង្រ្គាមដណ្ដើមអំណាចគ្នា ដណ្ដើមរាជសម្បត្ដិដោយយកក្រុមវណ្ណៈ និងសាសនាមកធ្វើជាឈ្នាន់។ គេយកសាសនា មនោគមវិជ្ជា មកពន្យល់នែនាំបញ្ចុះបញ្ចូលប្រមែប្រមូលរាស្រ្ដប្រជា អោយទៅនាំគ្នាទៅបូជាជីវិតស្លាប់ដើម្បីរាជបល្ល័ង្គ និងអំណាច ទ្រព្យសម្បត្ដិធនធានរបស់គេ និងក្រុមបក្សពួក។
គឺជាវិបត្ដសង្គម វិបត្ដិអំណាច វិបត្ដនយោបាយ ដែលបានធ្វើអោយប្រទេសកម្ពុជា ផ្លាស់ប្ដូរចាកចេញពីភាពរុងរឿង ជាមហាអំណាច ធ្លាក់ខ្លួនចុះទន់ខ្សោយថមថយ រួមតូចទៅៗ បន្ដិចម្ដងៗជាលំដាប់រហូតដល់សព្វថ្ងៃ។
ព្រឹត្ដិការណ៍ដ៏ធំនេះ អ្នកប្រវត្ដិវិទូ និង អ្នកស្រាវជ្រាវ បានចាត់ទុកជាបដិវត្ដន៍ទី១ នៅក្នុងសង្គមជាតិខ្មែរ គឺជាបដិវត្ដន៍ប្រឆាំងរបបរាជានិយម ដែលប្រជាពលរដ្ឋខ្មែរយល់ថា ឃោឃៅផ្ដាច់ការព្រៃផ្សៃ គ្មានសន្ដោសករុណាមេត្ដាធម៌ គ្មានទសពិធរាជធម៌ និងគ្មានសមត្ថភាពក្នុងការបំពេញភារកិច្ចដឹកនាំប្រទេសជាតិ។ កត្ដាជាច្រើនបានអប់រំផ្លាស់ប្ដូរចិត្ដគំនិតខ្មែរ ហើយជំរុញនាំខ្មែរអោយហ៊ានងើបបះបោរតស៊ូប្រឆាំងនឹងស្ដេច ព្រមទាំងបក្សពួកបរិវារ។

