ដើម្បីឲ្យមានគំនិតល្អ គឺត្រូវមានគំនិតច្រើន ដែលត្រូវការខួរក្បាលជាច្រើនមកធ្វើការជាមួយគ្នា ប៉ុន្តែហេតុអីក៏ព្រះពុទ្ធលោកមានតែមួយអង្គឯងធ្វើការតែម្នាក់ឯង តែមានគំនិតល្អផុតផ្តាច់គេ ក្នុងលោកនេះ ? មិនពិបាកយល់ទេ ចូរអ្នកប្រយុទ្ធផ្លាស់ប្តូរចិត្តអាក្រក់ឲ្យវាចេញអស់ពីក្នុងខ្លួនទៅ ពេលនោះអ្នកនឹងនៅសល់តែចិត្តដែលល្អបំផុតធ្វើការជាមួយបញ្ញា ពេលនោះថាមិនបាន អ្នកអាចក្លាយជាមនុស្សមានចិត្តជាទិព្វផងក៏មាន ។ ចិត្តអាក្រក់បំផុតរបស់មនុស្សគឺចិត្តអាត្មានិយម វាត្រូវបំបែកដោយ សីល សមាធិ បញ្ញា ដែលត្រូវយល់ដឹងពីច្បាប់ធម្មជាតិ អ្វីៗត្រូវប្រែប្រួល ដោយការបៀតបៀនគ្នា ហើយមិនអាចបង្គាប់បញ្ជាបាន ! ។
គុណភាពចិត្តមាន៤កំរិតគឺ :
១- កំរិតទាបបំផុត(សឹងតែដូចសត្វ)ដឹងតែសុីនិងជុះ បង្កើតកូនចៅមិនទទួលខុសត្រូវ មិនបានសុីទេ លួចឬសម្លាប់ក៏ហ៊ាន ។
២- កំរិតអាត្មានិយមៈ ដឹងតែពីអញ នេះអញ នេះបស់អញ ងាប់អាណាក៏មិនខ្វល់ ឲ្យតែបានអញ ។
៣- កំរិតសតិសម្បជ្ជញ្ញៈ ដឹងខុសត្រូវ ដឹងគុណដឹងទោស ចេះលះបង់ខ្លះ ចេះទុកខ្លះ ។
៤- កំរិតពោធិញ្ញាណៈ ជាកំពូលខ្ពស់បំផុតនៃចិត្តដែលដឹងខុសត្រូវ ជាចិត្តត្រាស់ដឹងច្បាប់ធម្មជាតិ លោកអត់មកជាប់ជំពាក់អ្វីដ៏តិចតួចក្នុងលោកនេះទេ ។ សត្វលោកទាំងអស់សុទ្ធតែអាចអភិវឌ្ឍផ្លូវចិត្តរបស់គេមកដល់តំណាក់កាលនេះបានដូចៗគ្នា គ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ ! ។

