វៀតណាម ជាទីផ្សារលំដាប់លេខមួយរបស់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីស្រស់។ បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់បានចំនួន ៤៦៩ ៥១៥.១៥តោន ដោយក្នុងនោះ នាំទៅប្រទេសវៀតណាមមានរហូតដល់ ៤៦៧ ៣០១.២២តោន។ លើសពីនេះ កម្ពុជាក៏នាំចេញគ្រាប់ស្វាយចន្ទីប្រភេទកែច្នៃបានជិត៦០០តោន ផងដែរ។ ទីផ្សារចន្ទីកែច្នៃរបស់កម្ពុជានោះ មានប្រទេសថៃ ជប៉ុន ចិន កោះតៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសស្វីស។
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទាំងប្រភេទស្រស់និងកែច្នៃខាងលើនេះ គឺមានការធា្លក់ចុះគួរឱ្យកត់សម្គាល់។ របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម បានបញ្ជាក់ថា ១០ខែមកនេះ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ គឺមានធា្លក់ចុះ ៤៨,៥៩ភាគរយ ខណៈការនាំចេញគ្រាប់ចន្ទីប្រភេទកែច្នៃ ធ្លាក់ចុះអត្រា ៥៨,៩៣ភាគរយ ផងដែរ។
ពាក់ព័ន្ធនឹងធ្លាក់ចុះនៃការចេញគ្រាប់ស្វាយចន្ទីនេះ ពុំអាចសុំការពន្យល់ពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម, លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និង លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យពីក្រសួងកសិកម្មបានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល។

