សិក្សាសតិប្បដ្ឋានក្នុងឥរិយាបថដើរ !

C

សិក្សាសតិប្បដ្ឋានក្នុងឥរិយាបថដើរ !
🌿 ម្យ៉ាងទៀត ពាក្យដែលត្រាស់សំដៅដល់សេចក្តីដឹងច្បាស់យ៉ាងនេះថា នរណាដើរ ការដើររបស់នរណា ដើរបានព្រោះហេតុអ្វី ? គឺមហាភូតរូបបួនដើរ ព្រោះមានការផ្សាយទៅនៃវាយោធាតុ មានចិត្តជាសមុដ្ឋាន(ហេតុជិត) មិនមែនសត្វបុគ្គលជាអ្នកដើរទេ ព្រោះបើគ្មានចិត្ត គ្មានការផ្សាយទៅនៃវាយោធាតុ ឥរិយាបទដើរមិនបានកើតឡើងឡើយ ។ ក្នុងឥរិយាបថដើរនេះ គប្បីជ្រាបសេចក្តីថា សូម្បីសត្វតិរច្ឆាន ដូចឆ្កែស្រុក ឆ្កែព្រៃជាដើម កាលដើរទៅ វាក៏ដឹងថាខ្លួនវាកំពុងដើរដែរ ហេតុនេះក្នុងឥរិយាបថនោះ ព្រះពុទ្ធមិនបានត្រាស់សំដៅយក ការត្រឹមតែដឹងថាដើរនោះទេ ព្រោះការដឹងនោះ លះការឃើញថាមិនមែនជាសត្វបុគ្គលមិនបាន មិនអាចដកសេចក្តីសម្គាល់ថាសត្វមិនបាន មិនជាកម្មដ្ឋាន ឬសតិប្បដ្ឋានក្នុងឥរិយាបថដើរឡើយ ។ ចំណែកការដឹងរបស់ភិក្ខុ (អ្នកចម្រើនកាយានុបស្សនា) នេះ រមែងលះការឃើញថា ជាសត្វបុគ្គល ដកសេចក្តីសម្គាល់ថាជាសត្វបាន ទាំងជាកម្មដ្ឋាន និង សតិប្បដ្ឋានភាវនាផងដែរ ។

Comments