អារុណនិទាន !

D

អារុណនិទាន !
I- ថ្ងៃនេះលោកសេដ្ឋីបានជិះឡានដើរទារបំណុលគេមិនសូវបានសោះ ខ្លះអត់លុយបង់ការទេ តែបែរជាដាក់បាតលោកបញ្ឈឺចិត្តគាត់ទៀត ! គាត់អោនមុខជ្រប់ក្នុងឡាន ស្រាប់តែមានសម្លេងសួរគាត់ថា តើលោកត្រូវការទិញអំបោសមួយប្រើទេ?សេដ្ឋីងើបមុខឡើងឃើញបុរសម្នាក់រែកអំបោសកំពុងញញឹមពព្រាយដាក់គាត់ សេដ្ឋីកំពុងមួរម៉ៅផងក៏សួរថា ម៉េច លក់ដាច់ណាស់ទៅឬបានជាសប្បាយចិត្តយ៉ាងនេះ?។អ្នកលក់អំបោសតបថា ឥឡូវមិនទាន់ដាច់ទេ ប៉ុន្តែថ្វីត្បិតតែលោកមិនបានជួយទិញខ្ញុំ ក៏មិនមែនមានន័យថាខ្ញុំលក់មិនដាច់នោះដែរ ព្រោះអ្នកណាទៅដឹងថានៅផ្លូវខាងមុខគង់ នឹងមានអ្នកកំពុងតែរង់ចាំទិញអំបោសខ្ញុំយ៉ាងអន្ទះសារនោះ? ហែសៗ(គាត់សើចដាក់សេដ្ឋីម្តងទៀតយ៉ាងឆ្ងាញ់បបូរមាត់)។ម្តងនេះសេដ្ឋីភ្ញាក់ខ្លួនមែនទែនហើយ គាត់គិតថា មនុស្សអត់លុយមួយរៀលក្នុងហោប៉ៅសោះ តែបែរជាញញឹមចេញបានព្រោះតែក្តីសង្ឃឹមនៅថ្ងៃមុខ តាមផ្លូវជីវិត នៅខាងមុខគ្មានអ្នកណាដឹងទេថានឹងមានរឿងអ្វីកើតឡើង ដែលវាមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ។ឆ្កែអានាថារត់តាមចិញ្ចើមថ្នល់ពេញមួយថ្ងៃស្វែងរកចំណីណាក៏មិនជួបអាច់ស្រស់មួយដុំគ្រាន់ឆីនោះ?លំបាកយ៉ាងណាសូមទុកឲ្យពេលវេលាកន្លងផុតទៅ ព្រោះមានតែពេលវេលាទេដែលជាអ្នកផ្លាស់ប្តូរអ្វីៗទាំងអស់ ! ។
II- មានតាម្នាក់កំពុងតែត្បាញតោក(សម្រាប់ដាក់ស្រូវ) ស្រាប់តែតោកនោះក្រឡាប់គ្របគាត់ដូចជាគេក្រុងមាន់ តារវល់គិតវែងឆ្ងាយធ្វើឲ្យគាត់មិនអាចរកច្រកចេញបាន ទើបស្រែកថា ជួយអញផងវើយ អញជាប់ក្នុងតោកហើយ ! ស្រាប់តែចៅគាត់អាយុបីឆ្នាំ ដើរតេះតះទៅច្រានតោកឲ្យតាងើបចេញមកធ្វើព្រងើយ ! តាសើចហួសចិត្តដែលគាត់គិតច្រើនពេកធ្វើឲ្យមិនអាចរកច្រកចេញបាន ! ។ ជីវិតរស់នៅរបស់យើងក៏ដូចគ្នា ពេលខ្លះរឿងតូចតាចសោះតែបែរជាដេកគិតឲ្យបានធំប៉ុនណាប៉ុនណី គិតរហូតរកច្រកចេញមិនឃើញ គិតកំសត់ខ្លួនពេកទៅជាហូរទឹកភ្នែកខាំមាត់ដេកមិនលក់ក៏មាន ឬទៅជាដើរញញឹមតែម្នាក់ឯងក៏មាន! សូមកុំចាញ់បោកការគិតឲ្យសោះ ព្រោះអ្វីៗវាមិនដែលកើតឡើងដូចការគិតរបស់យើងទាំងស្រុងនោះឡើយ ។

Comments