រឿងគំនិតនេះ គ្មានអ្នកណាអាចឈប់គិតទាំងស្រុងបានទេ តែគេអាចដើរតួជាអ្នកសង្កេត ហើយគិតជាថ្មីដើម្បីអប់រំឃុំគ្រងចិត្ត កុំឲ្យវាបន្តគិតខុសតទៅទៀតបាន ប៉ុន្តែទាំងយើងទាំងគេច្រើនតែភ្លេចខ្លួន ភ្លេចពីតួនាទីតាមសង្កេតមើលគំនិត ។ ពេលចិត្តគិតតានតឹង វិមាត្រវារួមតូចខ្លាំងណាស់ ចិត្តធូរស្រាល វិមាត្រវារីកធំ ពិសេសពេលចិត្តស្ងប់ទៀត វិមាត្រចិត្តនឹងរីកធំរហូតក្លាយទៅជាផ្កាយរណបអាចទទួលពត៌មានដឹងមុនបានទៀតផង ចិត្តស្ងប់ គំនិតគិតមួយៗមានហេតុមានផល ចិត្តនឹងនល្អដោះស្រាយបញ្ហាបានត្រឹមត្រូវ ។ ទើបព្រះពុទ្ធត្រាស់ថា សេចក្តីសុខស្មើដោយសេចក្តីស្ងប់មិនមាន ព្រោះចិត្តស្ងប់នាំមកនូវប្រយោជន៍ច្រើនយ៉ាងណាស់ ! ការធ្វើសីល សមាធិ វិបស្សនា គឺជាការសាងហេតុនាំឲ្យចិត្តស្ងប់នេះឯង។

