មិនគួរបើកចំហការឈឺចាប់របស់យើងជាសាធារណ:

D

មិនគួរបើកចំហការឈឺចាប់របស់យើងជាសាធារណ:ឲ្យអ្នកណាម្នាក់ដឹងឡើយ... ព្រោះមានមនុស្សតិចតួចណាស់ដែលចង់ឲ្យអ្នកជាសះស្បើយ...ប្រសិនបើយើងមានបំណងចង់និយាយរឿងរ៉ាវមនោសញ្ចេតនារបស់យើង ឲ្យពិភពលោកដឹង គួរជ្រើសរើសមនុស្សដែលយើងត្រូវចែករំលែកជាមួយ ដោយប្រុងប្រយ័ត្នឲ្យមែនទែន ។ ការបាននិយាយរឿងក្នុងចិត្តប្រាប់អ្នកណាម្នាក់ ធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល...ប្រសិនបើអ្នកដែលយើងបានប្រាប់ទុក្ខសោកជាមនុស្សល្អនោះ យើងនឹងមានការធូរស្រាលក្នុងចិត្ត...តែប្រសិនបើនិយាយខុសមនុស្សនោះ រឿងរបស់យើងនឹងរឹងរឹតតែធ្ងន់ធ្ងរជាងមុនផងក៏មាន ការឈឺចាប់កាន់តែច្រើនជាងមុន ។ នៅពេលដែលយើងឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃជីវិត យើងតែងមានបំណងចែករំលែកបញ្ហារបស់យើងជាមួយអ្នកណាម្នាក់ ក្រែងទទួលបានការធូរស្រាលបន្តិច ។ តាមធម្មតា នៅពេលដែលយើងមានបញ្ហា មនុស្សភាគច្រើន តែងតែចង់ដឹងបញ្ហាលំអឹតរបស់យើង ដើម្បីចង់បង្ហាញឲ្យគេគ្រប់គ្នាដឹងថា ខ្លួនគេជាមនុស្សពូកែ គ្រាន់បើជាងអ្នកឯទៀត...ពួកគេចង់បង្ហាញការអាណិតអាសូរចំពោះយើង ហើយមិនចង់ប្រាប់ពីរបៀបត្រូវដោះស្រាយនោះឡើយ...មានតែញាតិមិត្ត ដែលស្រឡាញ់យើងពិតៗប៉ុណ្ណោះ ដែលមានបំណងចង់ជួយយើងពិតប្រាកដ ។ ប្រសិនបើយើងមានបញ្ហា យើងមិនគួរដើរប្រាប់គេឯងនោះឡើយ គួររក្សាបញ្ហានោះទុកក្នុងខ្លួន កុំនិយាយឲ្យអ្នកដទៃដឹងឮឡើយ បើចង់ប្រាប់ឲ្យគេដឹងណាស់ត្រូវជ្រើសរើសមនុស្សដែលយកចិត្តទុកដាក់នឹងយើងពិតប្រាកដមែន ព្រោះថា ការនិយាយឲ្យអ្នកដទៃដឹងពីបញ្ហាឈឺចាប់របស់យើង វាគ្រាន់តែពន្យារពេលការសះស្បើយនៃបញ្ហានោះប៉ុណ្ណោះ...។ 

Comments