អាលែហ្សី(Allergy) ឬប្រតិកម្ម គឺជាការមិនត្រូវអាធ្យាស្រ័យរបស់មនុស្សម្នាក់ទៅនឹងសារធាតុអ្វីមួយ គិតទាំងក្នុងអាហារផងដែរ ។ សារធាតុដែលនាំឲ្យអាលែហ្សីមានច្រើនប្រភេទណាស់ដូចជា ជាតិគីមី អាកាសធាតុត្រជាក់ ជាតិពិសរបស់សត្វល្អិតផ្សេងៗ សត្វល្អិតក្នុងពោះវៀន រោមសត្វ លំអងផ្កា ផ្សិត ឪសថផ្សេងៗ ។ល។
បាតុភាពរបស់វា ស្រាលឬធ្ងន់ប្រែប្រួលទៅតាមកម្រិតប្រឆាំងរបស់រាងកាយមនុស្សខ្លួនឯងទៅនឹងសារធាតុដែលខ្លួនមានប្រតិកម្ម ។ វានាំឲ្យរលាកច្រមុះ រមាស់កន្ទួលលើស្បែក ហើមមុខ ហើមមាត់ រាកក្អួត ហើមទងសួត ហើមពោះវៀនឈឺក្នុងពោះ ដែលអាចស្ទះដង្ហើមស្លាប់បើសិនជាហើមបំពង់ខ្យល់ខ្លាំង ត្រូវជួយសង្គ្រោះបន្ទាន់ ។ ត្រូវចងចាំទុកនូវអ្វីដែលខ្លួនមានប្រតិកម្មជាមួយអស់មួយជីវិត ដើម្បីកុំឲ្យប៉ះពាល់វាដោយការធ្វេសប្រហែស បើប្រតិកម្មជាមួយថ្នាំ ត្រូវប្រាប់ឪសថស្ថានជាមុន ដើម្បីឲ្យគេរកថ្នាំដែលអាចជំនួសគ្នាបាន ។ មិនគួរប្រើថ្នាំដោយខ្លួនឯងដោយគ្មានវេជ្ជបញ្ជាឡើយ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិតបាន ។

