អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត !
នៅសាលារៀនមួយ សាស្ត្រាចារ្យកសិកម្មបានពិសោធទៅលើកូនឈើពីរដើម ដែលមានពួជតែមួយ លើផើងដែលមានជីរជាតិដូចគ្នា តែគាត់សរសេរផ្លាកពាក់លើវាខុសគ្នា មួយថា កូនឈើតឿ មួយទៀតថា កូនឈើខ្ពស់ រួចហើយនាំសិស្សទៅនិយាយពាក្យនេះដាក់វារាល់ថ្ងៃ ។ បីខែក្រោយមក គេឃើញកូនឈើតឿលូតលាស់យឺតជាងកូនឈើខ្ពស់ពិតមែន ។ ក្នុងគ្រួសារមួយ បើគេនិយាយតែពាក្យថ្កុំថ្កើងរុងរឿង ពាក្យសម្តីផ្អែមល្ហែម មិនយូរទេគ្រួសារនោះនឹងរុងរឿងបានដូចជាពាក្យសម្តីជាមិនខាន ឯគ្រួសារមួយទៀតនិយាយតែពាក្យថោកទាប ពាក្យបន្តុះបង្អាប់ ពាក្យគំរោះគំរើយ បន្ទាបតំលៃខ្លួនឯង មិនយូរទេគ្រួសារនោះនឹងវិនាសហីនហោចខ្លោចផ្សាដូចជាពាក្យសម្តីជាមិនខាន ។ ដូនតាយើងលោកដឹងរឿងនេះច្បាស់ណាស់ លោកតែងនិយាយថា នែមីនាង ! មាត់សីុអំបិលប្រហុកកុំចេះតែនិយាយផ្តេសផ្តាស ប្រយ័ត្នដូចមាត់ទៅ ! ។ នេះតើមកពីហេតុអី ? គឺទាក់ទងនឹងបាតុភូតការផ្សាយចេញនៃឋាមពលចិត្តនេះឯង កាលណាគេបានឮពាក្យសម្តី ខួរក្បាលបានស្រូបចូលរហូតដល់ចិត្តអនុសម្បជ្ជញ្ញៈ(Subconscious)បានទទួលយក ហើយផ្សាយចេញសព្វសាច់សរសៃតាមសរសៃប្រសាទ សាងខ្លួនទទួលយកដោយជំនឿចិត្ត ទីបំផុតក៏ក្លាយទៅជាដូចពាក្យទាំងនោះមែន ។ ព្រះពុទ្ធលោកមានករុណាធំ បានបង្ហាត់យើងក្នុងការច្រានចោលពាក្យអវិជ្ជមានរបស់អ្នកដទៃកុំឲ្យខួរក្បាលទទួលយក « អ្នកមិនអាចក្លាយទៅជាមនុស្សថ្លៃឬថោក ព្រោះតែពាក្យសម្តីអ្នកដទៃនោះទេ វាឋិតនៅលើការប្រព្រឹត្តិរបស់អ្នក » យ៉ាងនេះជាដើម ។

