ពុទ្ធបរិស័ទត្រូវស្គាល់កិលេសបីនិងធម៌បដិបក្ខៈ

D

ពុទ្ធបរិស័ទត្រូវស្គាល់កិលេសបីនិងធម៌បដិបក្ខៈ
ក - កិលេសបីៈ
១- វិតិក្កមៈកិលេសៈជាកិលេសគ្រោតគ្រាត ដែលលេចចេញតាមកាយវាចវា ឧ- ចង់ខ្លាំងពេក ខឹងខ្លាំងពេក ទើបសម្តែងចេញតាមពាក្យសម្តីនិងកាយវិការ សភាពលេចចេញយ៉ាងគំហុកបែបនេះបើសម្រួមស្មារតីមិនល្អទេទប់មិនជាប់ឡើយ តែបើសម្រួមក្នុងសីលបានល្អ គឺសីលប៉ុណ្ណោះដែលអាចទប់ទល់កិលេសប្រភេទនេះបាន។
២- បរិយុដ្ឋានកិលេសៈជាកិលេសល្អិតថ្នាក់កណ្តាល ដែលលេចឡើងក្នុងចិត្ត តែមិនបញ្ចេញតាមកាយវាចា ឧ- គិតព្រួចៗពីការចង់បានរបស់គេ គិតដាក់បណ្តាសារគេក្នុងចិត្ត កិលេសប្រភេទនេះគឺមានតែសមាធិប៉ុណ្ណោះដែលមានអំណាចជាន់ឈ្លីរញាំញីឲ្យវាទន់ដៃទន់ជើងបាន សតិក្នុងសមាធិរមែងតាមដឹងទាន់ពីការគិតមិនល្អ ហើយចេះលះបង់ការគិតមិនល្អនោះចោលចេញ ។
៣- អនុស័យកិលេសៈជាកិលេសល្អិតដែលដេកត្រាំក្នុងសន្តានចិត្តជាយូរមកហើយ វារង់ចាំតែប៉ះហេតុនាំឲ្យទាស់ចិត្តបានវាស្ទុះចេញមកបង្ហាញមុខ ឧ- មានះ ប្រកាន់ ទិដ្ឋិ រាគៈ តណ្ហា ដែលពិបាកមើលឃើញបាន។ត្រង់ណាដែលខ្លួនមិនចូលចិត្តចេះតមបានហើយមើលងាយអ្នកតមមិនបាន ត្រង់ណាខ្លួនចូលចិត្តតមមិនបានក៏ពោលលើកហេតុផលយកត្រូវខ្លួនឯង កិលេសប្រភេទនេះមានតែវិបស្សនាប៉ុណ្ណោះទើបអាចកំចាត់បាន ព្រោះវិបស្សនាមានការពិនិត្យសង្កេតហេតុផលមិនលំអៀង និងការពិចារណាលំអិតតាមសេចក្តីពិត ។សារុបមក វិតិក្កមៈកិលេសត្រូវបានរារាំងដោយសីល បរិយុដ្ឋានកិលេសដោយសមាធិ អនុស័យកិលេសដោយវិបស្សនា ដោយន័យដូច្នេះឯង ។ 

Comments