វេទមន្តចិត្តត្រជាក់គឺជាមហិទ្ធឬទ្ធិដ៏អស្ចារ្យរបស់មនុស្ស ដែលអាចយកទៅប្រើដើម្បីរំលាយកំដៅពិភពលោកបាន ។ មហិទ្ធិឬទ្ធិនោះគឺសតិបញ្ញា ឯកំដៅនោះគឺតណ្ហា ក្តីសុខដែលពិតប្រាកដគឺក្តីសុខដែលគ្មានវេទនាសោយអារម្មណ៍ តើធ្វើដូចម្តេចទើបមិនឲ្យមានវេទនាសោយអារម្មណ៍ទៅតា ? គឺពង្រឹងសតិចាំឃាត់វេទនាកុំឲ្យសោយ សតិតាមដឹង បញ្ញាតាមលះ ! ។ គឺជាសតិប្រចាំថ្ងៃនោះឬតា ? មិនមែនទេ សតិប្រចាំថ្ងៃមានកម្លាំងខ្សោយណាស់ចៅ ! ពេលរឿងធំៗកើតឡើងដឹងមិនទាន់ទេ ឧបាទានចេញមុខមុនបាត់ទៅហើយ នាំឲ្យយំក៏បាន ស្រែកក៏បាន ។ អញ្ចឹងគឺជាសតិបានមកពីណា ? គឺបានមកពីសតិប្បដ្ឋាន៤ណាចៅ !។ តើធ្វើម៉េចបានកើតសតិបែបនោះទៅតា ? ចូរចៅរក្សាសីលឲ្យល្អ១ ចម្រើនសមថ វិបស្សនាដែលមានរសតែមួយគឺរួមគ្នាប្រហារកិលេសតែម៉្យាង ។ កសិករបំរុងកាប់ឆ្ការព្រៃ រមែងឈរយ៉ាងស៊ប់នៅលើដី សំលៀងកាំបិតឲ្យមុត ទើបកាប់ព្រៃបានដាច់ស្អាតល្អ យ៉ាងណាមិញ ដីគឺជាសីល(ជាទំរ) ថ្មសំលៀងគឺសមាធិ កាំបិតដ៏មុតថ្លាគឺវិបស្សនា ឯព្រៃគឺតណ្ហា កសិករគឺយោគាវចរអ្នកបំពេញសេចក្តីព្យាយាមចេញចាកទុក្ខ។បើព្យាយាមមិនត្រូវទំនងទេ ព្រៃក៏កាប់មិនដាច់ ខាតទាំងកម្លាំងនិងខាតពេលវេលាទៀតផង ។

